តារាចម្រៀងរ៉េប យូហៃ កំពុងទទួលបានមតិសរសើរពីអ្នកនិយមលេងអ៊ីនធឺណិតបន្ទាប់ពីម្ចាស់ពានរូបនេះបដិសេធមិនយកប្រាក់ចេញពីដៃអ្នកគាំទ្រកំឡុងពេលធ្វើការសម្តែងនៅក្នុងផាប់មួយកន្លែង។

បន្ទាប់ពីក្លាយជាម្ចាស់ពាន The Rapper Cambodia យូហៃ បានក្លាយជាCaptain មួយរូបក្នុងចំណោម៣រូបក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីដែលទើបនឹងបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ងាកមកកាន់ស្នាដៃចម្រៀងវិញ យូហៃ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍តាមរយៈបទចម្រៀង «ស៊ីជម្ពូ» សហការជាមួយ Jady, «ម្តងហើយម្តងទៀត» «ស្ទាវជ័រ»
ជាមួយ GMENGz , និងបទ «១ណា» ជាមួយនរិទ្ធ។ ក្រៅពីបទចម្រៀង យូហៃ បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជុំវិញសម្ព័ន្ធភាពជាមួយនឹង រ៉េត ស៊ូហ្សាណា ដែលជារឿយៗអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង។
យ៉ាងណាមិញអ្វីដែលធ្វើឱ្យទស្សនិកជនសរសើរគឺសកម្មភាពថ្មីៗនេះរបស់ យូហៃ។ តាមរយៈការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុកគេបានឃើញ យូហៃ កំពុងតែសម្តែងបទ «ស្ទាវជ័រ» នៅក្នុងផាប់មួយកន្លែងដោយផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវនៅទីនោះតាមរយៈបទចម្រៀងរបស់លោក។ ជាមួយនឹងអ្នកគាំទ្រជាច្រើនដែលកំពុងសប្បាយផង ថតវីដេអូផងស្រាប់តែគេបានឃើញអ្នកគាំទ្រម្នាក់បានហុចក្រដាសប្រាក់ដុល្លារមួយសន្លឹកមកកាន់ យូហៃ។
ទោះជាយ៉ាងណា យូហៃ បានបដិសេធភ្លាមៗដោយមិនទទួលយកលុយពីអ្នកគាំទ្រឡើយ។ វីដេអូមួយនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើទិកតុកជាមួយនឹងមតិសរសើរនិងគោរពចំពោះសកម្មភាពរបស់ម្ចាស់ពានរូបនេះ។ កាយវិការបដិសេធទទួលកាដូជាសាច់ប្រាក់ពីអ្នកគាំទ្ររបស់ យូហៃ ក៏ត្រូវបាន GMENGz ធ្វើការបង្ហោះឡើងវិញផងដែរ៕










