ថ្មីៗនេះសហគមន៍អនឡាញមានការជជែកវែកទាក់ទងនឹងយុវជនម្នាក់ដែលចេញវីដេអូមានការមិនពេញចិត្តចំពោះខ្សែភាពយន្តតុក្កតាមួយដោយមានការបញ្ជូលការស្រលាញ់ភេទដូចគ្នារវាងមនុស្សស្រីនិងមនុស្សស្រី។ វីដេអូរបស់យុវជននោះបានទាក់ទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងឆាប់រហ័សជាពិសេសពីសហគមន៍ LGBTQ+។
ពាក្យសម្តីរបស់យុវជននេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីព្រោះការរើសអើងភេទនៅតែមាននៅក្នុងសង្គមបច្ចុប្បន្ន។ រឿងដ៏ក្តៅគគុកនេះដែរស្រាប់តែគេបានឃើញ ប៉ីប៉ី ឌី បានចេញមកបង្ហោះសំណេរនៅលើផេករបស់ខ្លួនថា «ការរើសអើងភេទនៅតែមានអាណិតជីវិតខ្លួនឯង សួរថាអ្នកណាចង់?»។
មិនត្រឹមតែ ប៉ីប៉ី ឌី ប៉ុណ្ណោះទេដែលតូចចិត្តចំពោះការរើសអើងភេទពីមនុស្សមួយចំនួន Influencer សយ សេងហួរ បានចេញមកបង្ហោះក្នុងន័យថា «សហគមន៍យើងតូចណាស់ ដូច្នេះយើងត្រូវតែក្រោកឈរឡើងដោយខ្លួនឯង»។
នេះគឺជាការពិតដែលទស្សនិកជនបានឃើញថាសហគមន៍ LGBTQ+ តែងតែចេញមកការពារចំពោះសិទ្ធិសេរីភាពរបស់ខ្លួនបន្ទាប់ពីរងការរើសអើងនិងសើចចំអកនៅក្នុងសង្គម។ គេចាំបានថាកន្លងមកថ្មីៗនេះអ្នកបង្កើតមាតិកា ៦រូប បានបង្កើតរូបភាពខ្លឹមសារទាក់ទងនឹងប្រេងឆាបានធ្វើឱ្យសហគមន៍ LGBTQ+ និងសាធារជនទូទៅមានការខឹងសម្បារយ៉ាងខ្លាំង។ ការស្រុះដៃគ្នារបស់សហគមន៍ LGBTQ+ ដែលបានចេញមកតស៊ូមតិរកយុត្តិធម៌ក៏បានជំរុញឱ្យអ្នកបង្កើតមាតិកាទាំង៦រូបនេះចេញមកសូមទោសសាធារជនផងដែរ៕










