ជាច្រើនឆ្នាំនេះ ក្រុមហ៊ុននានាបានបញ្ឈប់បុគ្គលិកពីការងារដើម្បីប្រើប្រាស់បច្ចេកវិទ្យា AI ជំនួសវិញ ពីព្រោះមើលឃើញ AI អាចធ្វើការងារទាំងអស់ជំនួសមនុស្ស ថែមទាំងឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ប៉ុន្តែ Gartner ជាក្រុមហ៊ុនស្រាវជ្រាវលំដាប់ពិភពលោក ថា AI មិនអាចធ្វើការទាំងអស់ជំនួសមនុស្សទេ ហើយក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកដោយសារ AI នឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញនៅឆ្នាំ២០២៧ ពីព្រោះ AI ធ្វើការលឿនពេកក្នុងផ្នែកសេវាកម្មធ្វើឱ្យអតិថិជនមិនពេញចិត្ត ។
Gartner, Inc. គឺជាក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ការប្រឹក្សាលំដាប់ពិភពលោក បានដាស់តឿនទៅកាន់ក្រុមហ៊ុននានាដែលប្រញាប់បញ្ឈប់បុគ្គលិកពីការងារដើម្បីងាកទៅប្រើប្រាស់បច្ចេកវិទ្យា AI ថា នៅឆ្នាំ២០២៧ ក្រុមហ៊ុនរហូតដល់៥០% ដែលបញ្ឈប់បុគ្គលិករបស់ខ្លួនដោយសារ AI នឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញដើម្បីបំពេញតួនាទីដូចមុន ពីព្រោះ AI មិនអាចធ្វើការងារទាំងអស់ជំនួសមនុស្សបានទេ ។
ក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុនដែលធ្វើការផ្នែកសេវាកម្មបម្រើអតិថិជន គួរតែផ្តល់ភាពសំខាន់លើការរីកចម្រើនរបស់ក្រុមហ៊ុនរយៈពេលយូរអង្វែង ប្រសើរជាងក្រុមហ៊ុនផ្តោតតែលើការកាត់បន្ថយដើមទុនរយៈពេលខ្លី ពីព្រោះ AI មិនល្អឥតខ្ចោះ ឬអាចធ្វើការងារទាំងអស់ជំនួសមនុស្សទេ ។
អ្នកស្រី Kathy Ross នាយកជាន់ខ្ពស់ផ្នែកវិភាគការងារសេវាកម្មបម្រើអតិថិជនរបស់ក្រុមហ៊ុន Gartner ថា ក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកពីការងារដោយសារ AI កន្លងមក អាចបណ្តាលមកពីការខ្វះខាតថវិកា ប៉ុន្តែពេលនេះ ការប្រើប្រាស់ AI មានដែនកំណត់ ហើយក្រុមហ៊ុនទាំងនេះនឹងត្រូវហៅបុគ្គលិកចូលធ្វើការវិញដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន និងរក្សាគុណភាពការងារសេវាកម្មអតិថិជន ។
ការលើកឡើងនេះ ស្របនឹងការលើកឡើងរបស់ Emily Potosky នាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Gartner ថា បច្ចេកវិទ្យា AI មិនល្អគ្រប់គ្រាន់សម្រាប់ធ្វើការងារជំនួសបុគ្គលិកមានជំនាញទេ គឺមនុស្សមានគុណសម្បត្តិល្អជាង AI ។ ការពឹងផ្អែកលើ AI តែម្យ៉ាងនាពេលនេះ វាឆាប់រហ័សខ្លាំងពេក និងប៉ះពាល់ដល់ការងារក្រុមហ៊ុន ។
លទ្ធផលការស្ទង់មតិរបស់ក្រុមហ៊ុន Gartner កាលពីខែតុលា ឆ្នាំ២០២៥ ដែលបានសាកសួរប្រធានផ្នែកការងារបម្រើសេវាកម្មអតិថិជន ចំនួន៣២១នាក់ និយាយថា AI ធ្វើការលឿនពេកក្នុងការងារសេវាកម្ម ដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត ។
នេះបង្ហាញថា ទោះជាបច្ចេកវិទ្យា AI ត្រូវបានអភិវឌ្ឍន៍ខ្លាំងយ៉ាងណាក្តី ក៏ក្រុមហ៊ុនមិនអាចបង់បោះបុគ្គលិកចោលដែរ ពីព្រោះបុគ្គលិកមានបទពិសោធន៍ធ្វើការផ្នែកបម្រើសេវាកម្មល្អជាង AI ។ រីឯការប្រញាប់បញ្ឈប់បុគ្គលិកពីការងារដើម្បីប្រើប្រាស់ AI នោះ គឺជាការដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញ ៕.jpg)










