ក្រុមហ៊ុន BMW ប្រឈមនឹងការខាតបង់ប្រាក់រាប់រយលានដុល្លារ បន្ទាប់ពីក្រុមហ៊ុនរកឃើញកំហុសធ្ងន់ធ្ងរដែលបង្កគ្រោះថ្នា.ក់ដល់អាយុជីវិតអ្នកបើកបរ ដោយសារកំហុសបច្ចេកទេសធ្វើឱ្យរថយន្តអាចនឹងផ្ទុះឆេះពេលបើកបរ ។ សូមរំឭកថា ប្រភេទរថយន្តដែលក្រុមហ៊ុនប្រមូលមកវិញពីប្រទេសនានា គឺផលិតចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២២ មានបញ្ហាសិចរិចរិលប្រព័ន្ធម៉ាញ៉េទិក រីឯកម្ពុជាមិនទាន់មានទិន្នន័យជាក់ស្តែងពីការប្រមូលបានរថយន្ត BMW នៅឡើយទេ ។
.jpg)
អ្នកប្រើប្រាស់រថយន្តអាល្លឺម៉ង់ BMW កំពុងប្រឈមនឹងគ្រោះថ្នា.ក់បណ្តាលមកពីរថយន្តផ្ទុះឆេះ! ពេលនេះ ក្រុមហ៊ុនបានរកឃើញរថយន្តរហូតដល់ជិត៦០ម៉ឺនគ្រឿងមានបញ្ហាប្រព័ន្ធបញ្ឆេះម៉ាស៊ីនរថយន្ត ដែលអាចបណ្តាលផ្ទុះឆេះពេលបើកបរ និងប្រកាសប្រមូលរថយន្តពីអតិថិជននៅជុំវិញពិភពលោកជាបន្ទាន់ ។
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដ៏ល្បី BMW បានប្រកាសប្រមូលរថយន្តជិត៦០ម៉ឺនគ្រឿងពីអតិថិជននៅប្រទេសនានា បន្ទាប់ពីរកឃើញភាពខុសប្រក្រតីក្នុងប្រព័ន្ធម៉ាញ៉េទិកសម្រាប់បញ្ឆេះម៉ាស៊ីនរថយន្ត ដែលអាចបណ្តាលឱ្យអតិថិជនមានគ្រោះថ្នា.ក់ពេលបើកបរដោយសាររថយន្តផ្ទុះឆេះ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
.jpg)
អ្នកនាំពាក្យក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW ប្រកាសកាលពីថ្ងៃទី១១ ខែកុម្ភៈ ថា ក្រុមហ៊ុនកំពុងតែប្រមូលរថយន្តពីអតិថិជនវិញរហូតដល់ជិត៦០ម៉ឺនគ្រឿង ដោយសារបារម្ភពីអ្នកបើកបរគ្មានសុវត្ថិភាពបណ្តាលពីរថយន្តផ្ទុះឆេះ ។ តាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ kfz-betrieb គឺរថយន្តមានបញ្ហាប្រព័ន្ធបញ្ឆេះ ដែលក្រុមហ៊ុន BMW បានលក់ឱ្យអតិថិជនជុំវិញពិភពលោក ស្មើនឹង៥៧ម៉ឺន ៥ពាន់គ្រឿង (៥៧៥,០០០គ្រឿង) ។

អតិថិជនបានជូនដំណឹងមកកាន់ក្រុមហ៊ុនពីរថយន្ត BMW ចំនួន១៦ប្រភេទ ដែលបំពាក់ប្រព័ន្ធបញ្ឆេះរថយន្ត ផលិតចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ខែកក្កដា ឆ្នាំ២០២២ គឺមានបញ្ហាដោយសារប្រព័ន្ធម៉ាញេទិកសឹករិចរិល ។ ក្រុមហ៊ុនបានណែនាំឱ្យអតិថិជនយកចិត្តទុកដាក់ក្នុងការថែទាំរថយន្តក្រោយបើកបរផ្លូវឆ្ងាយ រីឯប្រព័ន្ធបញ្ឆេះម៉ាស៊ីនរថយន្តអាចខូចបណ្តាលឱ្យវាក្តៅខ្លាំងឈានទៅផ្ទុះឆេះពេលបើកបរ ហើយក្រុមហ៊ុននឹងផ្ញើលិខិតជូនដំណឹងទៅអតិថិជនពីការផ្លាស់ប្តូរប្រព័ន្ធបញ្ឆេះ ។
កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន BMW បានកាត់បន្ថយការផលិតរថយន្តរបស់ខ្លួន ដោយសារក្រុមហ៊ុនប្រមូលរថយន្តខូចហ្វ្រាំងពីអតិថិជនវិញ រហូតដល់១លាន ៥សែនគ្រឿង បណ្តាលឱ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់រយលានដុល្លារនាពេលនោះ ។ រីឯការប្រមូលរថយន្តពីអតិថិជនលើកនេះ ក្រុមហ៊ុនប្រឈមនឹងការខាតបង់ប្រាក់រាប់រយលានដុល្លារដូចគ្នា ៕










