Home ព័ត៌មានជាតិ កុំចេះតែហ៊ាន! តុលាការរផ្តន្ទាទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទបន្លំឯកសារធ្វើជា «មេធាវី»

កុំចេះតែហ៊ាន! តុលាការរផ្តន្ទាទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទបន្លំឯកសារធ្វើជា «មេធាវី»

16
0

រាជធានីភ្នំពេញ ៖ ស្រ្តីជាមេធាវីក្លែងក្លាយម្នាក់ត្រូវអស់ល័ក្ខណ៍ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាមានការលួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងក្រោយមកត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល។ នេះបើតាមសេចក្តីព័ត៌មាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈលិខិតដែលបានចុះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០២៥ គណៈមេធាវី បានប្តឹ.ងឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មាន អាសយដ្ឋានផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយចំណាត់ការនីតិវិធីជាបន្តបន្ទាប់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ សាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ ចោទឈ្មោះ អ៊ុយ ចន្ធី ភេទស្រី កើតឆ្នាំ១៩៨១ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងខែសីហា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៣, មាត្រា៤ និងមាត្រា៧៧ នៃច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និងបានបង្គាប់ឱ្យសងសំណងការខូច ខាតចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី (គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា)។

ការប្រកាសកាលក្រមនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ចំពោះមុខដើម បណ្តឹងរដ្ឋប្បវេណី ចំពោះមុខមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងកំបាំងមុខជនជាប់ចោទ ដោយទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ជាមួយគ្នានោះសាលាដំបូងរាជ ធានីភ្នំពេញ ក៏បានសម្រេចប្រើវិធាននៃមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ៕