ការផ្ទុះមីនលើទឹកដីថៃបានកើតឡើងម្តងហើយម្តងទៀត ជាពិសេស ពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃស្ងប់ស្ងាត់ ឬទើបបញ្ចប់កិច្ចប្រជុំចរចាពីព្រំដែនកម្ពុជា-ថៃ ស្រាប់តែភាគីថៃផ្សាយបំភ្លៃថា កងទ័ពខ្លួនជាន់មីនដើម្បីទម្លាក់កំហុសលើកម្ពុជា និងធ្វើឱ្យស្ថានការណ៍តានតឹង ។ ការផ្ទុះមីនលើកនេះក៏ដូចរាល់ដងដែរ ពេលពលរដ្ឋថៃធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតស្ទើរពេញប្រទេស ក៏មានកងទ័ពថៃជាន់មីន តើអ្វីនៅខាងក្រោយវាំងននខ្មៅនេះ?
កងទ័ពថៃបានដើរជាន់មីនរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ នៅព្រំដែនស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលហេតុការណ៍នេះកើតឡើងបន្ទាប់ពីស្ងប់ស្ងាប់មួយរយៈក្នុងពេលប្រទេសថៃរៀបចំការបោះឆ្នោត ។ ពេលនេះ ការបោះឆ្នោតរួចរាល់ ហើយលទ្ធផលបោះឆ្នោតបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul ឈ្នះឆ្នោតដោយការបន្លំសន្លឹកឆ្នោត គ្មានតម្លាភាព ធ្វើឱ្យពលរដ្ឋតាមបណ្តាខេត្តធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ក៏មានហេតុការណ៍ផ្ទុះមីនឡើងវិញ ។
កងទ័ពថៃភូមិភាគទី២ បានជូនដំណឹងពីកងទ័ពថៃ ចំនួន៣នាក់ ជាន់មីននៅព្រំដែនស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១១ ខែកុម្ភៈ នាវេលាម៉ោងខុសគ្នា ក្នុងនោះរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ហើយកងទ័ពថៃភូមិភាគទី២ ចោទប្រកាន់ថា គ្រាប់មីននេះបន្សល់ពីសង្គ្រាមកម្ពុជា-ថៃ កន្លងមក ។
កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ កងទ័ពថៃម្នាក់មកពីកងពលថ្មើរជើង លេខ១៣២ បានដើរជាន់មីនបណ្តាលឱ្យរងរបួសធ្ងន់ដាច់ជើងឆ្វេង ក្នុងពេលកំពុងត្រួតពិនិត្យតំបន់ភូមិសាស្ត្រ ។ បន្ទាប់មក នាវេលាម៉ោង៥ និង៣០នាទី (ថ្ងៃដដែល) កងទ័ពថៃ២នាក់ទៀតបានដើរជាន់មីនដែរ ប៉ុន្តែរងរបួសស្រាល ដែលកងទ័ពទាំង២នាក់នេះមកពីកងវរសេនាតូចថ្មើជើង លេខ១៣ ។
ក្រោយកើតហេតុ កងទ័ពទាំង៣នាក់បានទទួលការជួយសង្គ្រោះបឋម និងបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ ។ កងទ័ពភូមិភាគទី២ បានស្នើសុំឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធចុះមកត្រួតពិនិត្យយ៉ាងលម្អិតនៅកន្លែងកើតហេតុដើម្បីកុំឱ្យកងទ័ពដើរជាន់មីនទៀត ព្រមទាំងទំនាក់ទំនងទៅក្រុមដោះមីនមកបោសសម្អាតមីននៅជុំវិញកន្លែងកើតហេតុ ។
គួរបញ្ជាក់ថា កងទ័ពថៃដើរជាន់មីនផ្ទុះរងរបួសធ្ងន់-ស្រាល ស្របពេលពលរដ្ឋថៃនៅខេត្តឈុនបុរី មហាសារ៉ាខាម ប៉ាធុមថានី សុផាន់បុរី និងស្រះបុរី បានធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដោយសារគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ រួមមាន ៖ ការកេងបន្លំសន្លឹកឆ្នោត, រាប់សន្លឹកឆ្នោតគ្មានតម្លាភាព, ហិបឆ្នោតបិទមិនជិត, សន្លឹកឆ្នោតក្នុងហិបច្រើនជាងចំនួនពលរដ្ឋពិតប្រាកដ និងមន្ត្រីមណ្ឌលមិនអនុញ្ញាតឱ្យពលរដ្ឋចូលក្បែរហិបឆ្នោត ដែលភាពមិនប្រក្រតីទាំងនេះធ្វើឱ្យគណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានផលប្រយោជន៍ ។
រហូតមកដល់ថ្ងៃទី១១ ខែកុម្ភៈ ការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតកាន់តែខ្លាំងក្លាឡើងនៅតាមបណ្តាខេត្តទាំងនេះ ខណៈគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនព្រមរាប់សន្លឹកឆ្នោតឡើងវិញក្រោមហេតុផលខុសច្បាប់ ថែមទាំងប្តឹងអ្នកមកចូលរួមតវ៉ាទៀតផង ។ រីឯលោក Anutin ដែលត្រៀមបន្តអំណាចនិយាយថា ការរាប់សន្លឹកឆ្នោតជាថ្មី គឺជាសិទ្ធិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត លោកនឹងរង់ចាំការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ទើបបង្កើតរដ្ឋាភិបាលថ្មី ៕










