Home ព័ត៌មានអន្តរជាតិ រថយន្តជាង១,៤០០គ្រឿងរបស់ពលរដ្ឋថៃ នឹងប្រមូលយកមកលក់នៅក្រុមហ៊ុនវិញ បន្ទាប់ពីម្ចាស់វាគ្មានលុយបង់រំលោះបន្ត

រថយន្តជាង១,៤០០គ្រឿងរបស់ពលរដ្ឋថៃ នឹងប្រមូលយកមកលក់នៅក្រុមហ៊ុនវិញ បន្ទាប់ពីម្ចាស់វាគ្មានលុយបង់រំលោះបន្ត

10
0

ប្រទេសថៃ ៖ ការបង្កសង្គ្រា.មឈ្លានពា.នកម្ពុជា ចំនួន២លើកកាលពីឆ្នាំ២០២៥ពីសំណាក់កងទ័ពថៃ បានធ្វើឱ្យពលរដ្ឋថៃជាច្រើនគ្រួសារនៅខេត្តជាប់ព្រំដែនកម្ពុជា ត្រូវជម្លៀសពីលំនៅឋានម្តងហើយម្តងទៀត មិនបានប្រកបរបរ បាត់បង់ចំណូល ខណៈពលរដ្ឋថៃទិញរថយន្តដោយការបង់រំលោះ ។ រហូតមកដល់ពេលនេះ ពលរដ្ឋខេត្តបុរីរាំ ប្រឈមនឹងហាងលក់រថយន្តដកហូតរថយន្ត សរុបជាង១,៤០០គ្រឿង ដោយសារគ្មានប្រាក់បង់រំលោះបន្ត ។

កងទ័ពថៃបានធ្វើសង្គ្រាមឈ្លានពានទន្ទ្រានទឹកដីកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ២០២៥ ដែលមិនត្រឹមតែធ្វើឱ្យពលរដ្ឋកម្ពុជានៅខេត្តជាប់ព្រំដែនថៃបាត់បង់ដីធ្លីស្រែចម្ការ ផ្ទះសម្បែង និងបន្តស្នាក់នៅក្នុងជំរំភៀសសឹកប៉ុណ្ណោះទេ វាក៏ធ្វើឱ្យពលរដ្ឋថៃខ្លួនឯងជួបការលំបាកផងដែរ ដោយសារត្រូវជម្លៀសពីលំនៅឋានម្តងជាពីរដង មិនបានប្រកបមុខរបរអ្វីឡើយ ។ ពលរដ្ឋខេត្តបុរីរាំជាច្រើនគ្រួសារដែលទិញរថយន្តដោយការបង់រំលោះនិយាយថា ពួកគេបាត់បង់ចំណូលដោយសារកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ។

តាមការចុះផ្សាយរបស់សារព័ត៌មាន PPTV នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ពលរដ្ឋស្រុកបានក្រួត ខេត្តបុរីរាំ ត្រូវបានហាងលក់រថយន្តដកហូតរថយន្តទៅវិញចំនួន៥គ្រឿងហើយ ដោយសារគ្មានប្រាក់បង់រំលោះបន្ត ហើយមានរថយន្តរបស់ពលរដ្ឋ ជាង១,៤០០គ្រឿងទៀតនឹងត្រូវដកហូតជាបន្តបន្ទាប់ ។

កសិករជៀរជ័រកៅស៊ូនៅស្រុកបានក្រួត ខេត្តបុរីរាំ និយាយថា ខ្លួនត្រូវបង់រំលោះរថយន្តជជុះ ស្មើទឹកប្រាក់៧សែនបាត (ឬជាង២ម៉ឺន ២ពាន់ដុល្លារ) ដើម្បីយករថយន្តទុកដឹកជ័រកៅស៊ូលក់ ។ មុនពេលកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ខ្លួនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់រំលោះរថយន្តជារៀងរាល់ខែ គឺចំនួន៩,៣០៥បាតក្នុង១ខែ និងបានបង់ប្រាក់អស់ជាង៣សែនបាត ។

ពេលកងទ័ពថៃវាយប្រហារកម្ពុជា លើកទី១ ខ្លួនមានប្រាក់ខ្លះសម្រាប់បង់រំលោះរថយន្ត ប៉ុន្តែពេលកងទ័ពថៃឈ្លានពានកម្ពុជា លើកទី២ ដែលអូសបន្លាយជាច្រើនថ្ងៃ ខ្លួនបាត់បង់ចំណូលទាំងស្រុង និងមិនអាចចៀរជ័រកៅស៊ូ ។ ខ្លួនមិនបានបង់រំលោះអស់រយៈពេល៣ខែហើយ ក៏ត្រូវហាងលក់រថយន្តដកហូតរថយន្តទៅវិញ ពេលនេះ ពិបាកខ្លាំងណាស់ និងសំណូមពរឱ្យរដ្ឋាភិបាលជួយពលរដ្ឋព្រំដែន ។

កសិករម្នាក់ទៀតនៅស្រុកជាមួយគ្នាប្រាប់ថា មិនអាចប្រកបរបរអ្វីឡើយដោយសារកងទ័ពថៃវាយប្រហារកម្ពុជាមិនឈប់ឈរ ទើបគ្មានប្រាក់បង់រំលោះរថយន្ត ។ កសិកររូបនេះបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មិនដឹងថា កងទ័ពថៃនឹងបង្កសង្គ្រាមឈ្លានពានកម្ពុជា លើកទី៣ ពេលណា ដោយសារកងទ័ពថៃនៅតែពង្រាយទូរកុងទ័ន័រ ពេលនេះ ពលរដ្ឋថៃនៅព្រំដែន ជាពិសេស កសិករ ប្រឈមនឹងបញ្ហាគ្មានប្រាក់បង់រំលោះរថយន្ត ។

គួរបញ្ជាក់ថា ទោះជាស្ថានការណ៍ព្រំដែនកម្ពុជា-ថៃស្ងប់ស្ងាត់ ប៉ុន្តែពលរដ្ឋខេត្តបុរីរាំបារម្ភពីកងទ័ពថៃអាចធ្វើសង្គ្រាមវាយកម្ពុជាជាលើកទី៣ ដែលធ្វើឱ្យពួកគេមិនបានប្រកបរបររកស៊ី បាត់បង់ចំណូល ខណៈរថយន្តដែលបានបង់រំលោះជាច្រើនខែហើយត្រូវដកហូតជាបន្តបន្ទាប់ ៕