ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងបានបណ្តេញមន្ត្រីជាន់ខ្ពស់គណបក្សនយោបាយម្នាក់ចេញពីតំណែង ក្រោយស្នើឱ្យបុរសកូរ៉េខាងត្បូងរៀបការជាមួយនារីវៀតណាម ឬស្រីលង្ការ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យស្ថានទូតវៀតណាមចេញលិខិតតវ៉ាប្រឆាំងនឹងការលើកឡើងបែបនេះថា មិនផ្តល់តម្លៃឱ្យនារីបរទេស ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Kim Hee Soo មន្ត្រីគណបក្សប្រជាធិបតេយ្យ និងជាប្រធានគណៈកម្មការគ្រប់គ្រងតំបន់ Jindo នៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញពីគណបក្សប្រជាធិបតេយ្យ ក្រោយពីលោកស្នើក្នុងកិច្ចប្រជុំសភាឱ្យបុរសកូរ៉េខាងត្បូងនៅជនបទរៀបការជាមួយនារីវៀតណាម ឬស្រីលង្ការ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំង ។
លោកនិយាយបែបនេះក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងតំបន់ Jindo និងទីក្រុងនៅក្បែរគ្នា ដែលសុទ្ធតែជាតំបន់មានចំនួនពលរដ្ឋធ្លាក់ចុះខ្លាំងបំផុត ស្របពេលកូរ៉េខាងត្បូងប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំងលើពិភពលោក ដែលអាចធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូង ចំនួន៥០លាននាក់ ធ្លាក់ចុះពាក់កណ្តាលនារយៈពេល៦០ឆ្នាំទៀត ។.jpg)
ប៉ុន្តែពាក្យសម្តីរបស់លោក Kim ធ្វើឱ្យមហាជនមិនពេញចិត្តយ៉ាងខ្លាំង ជាពិសេស មន្ត្រីស្ថានទូតវៀតណាមនៅទីក្រុងសេអ៊ូល បានចេញលិខិតតវ៉ាភ្លាមៗតាមហ្វេសប៊ុកផេក ដោយចាត់ទុកពាក្យសម្តីរនេះមិនត្រឹមតែជាការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែមិនផ្តល់តម្លៃដល់នារីអន្តោប្រវេសន៍ និងជនជាតិភាគតិចរស់នៅកូរ៉េខាងត្បូង ។ រីឯមន្ត្រីស្ថានទូតស្រីលង្ការ មិនបាននិយាយអ្វីទេពាក់ព័ន្ធនឹងពាក្យសម្តីនេះ ។
លោក Kim បានសូមទោស និងទទួលស្គាល់មិនបានផ្តល់តម្លៃនារីបរទេស ប៉ុន្តែនិយាយក្នុងបំណងដោះស្រាយបញ្ហាពលរដ្ឋកូរ៉េខាងត្បូងធ្លាក់ចុះនៅជនបទ ។ លោកព្យាយាមសូមទោសដើម្បីកាត់បន្ថយកំហឹងរបស់មហាជន ខណៈមន្ត្រីថ្នាក់ខេត្ត Jeolla បានចេញលិខិតសូមទោសជាផ្លូវការចំពោះពាក្យសម្តីមិនសមរម្យរបស់លោក Kim ធ្វើឱ្យប៉ះពាល់ដល់នារីវៀតណាម ប៉ុន្តែមហាជននៅតែខឹងសម្បារ ។

ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យបានសម្រេចចិត្តបណ្តេញលោក Kim ឱ្យចេញពីគណបក្សប្រជាធិបតេយ្យ ។ បើតាមសេចក្តីរាយការណ៍ ក្រុមសកម្មជនសិទ្ធិស្ត្រី និងជនអន្តោប្រវេសន៍បានប្រមូលគ្នាធ្វើបាតុកម្មនៅតំបន់ Jindo នាថ្ងៃទី១០ ខែកុម្ភៈ ដើម្បីប្រឆាំងនឹងពាក្យសម្តីរបស់មន្ត្រីគណបក្សនយោបាយរូបនេះ ៕










