ប្រទេសថៃ ៖ ពលរដ្ឋថៃនៅខេត្តព្រំដែនជាប់កម្ពុជា ដូចជា ខេត្តបុរីរាំ និងខេត្តត្រាត ទាមទារឱ្យលោក Anutin Charnvirakul ដែលពលរដ្ឋនៅទូទាំងប្រទេសបោះឆ្នោតគាំទ្រ ត្រូវធ្វើរបងព្រំដែនកម្ពុជា-ថៃឱ្យបានឆាប់បំផុតតាមការសន្យាពេលរកសំឡេងឆ្នោត និងផ្តោតលើបញ្ហាព្រំដែនខ្លាំងជាងការអភិវឌ្ឍសេដ្ឋកិច្ច ។ ក្រៅពីនេះ ពួកគេបារម្ភពីកងទ័ពថៃបើកការវាយប្រ.ហារធ្វើសង្គ្រា.មឈ្លាមពានកម្ពុជា ជាលើកទី៣ ដោយសារការប្រមូលផលដំណាំមិនទាន់រួចរាល់ ។
ពលរដ្ឋស្រុកបានក្រួត ខេត្តបុរីរាំ (អតីតខេត្តរបស់កម្ពុជា) បានទាមទារឱ្យប្រធានគណបក្សភូមិចៃថៃ លោក Anutin ដែលទើបទទួលជ័យជម្នះក្នុងការបោះឆ្នោត ត្រូវធ្វើរបងព្រំដែនកម្ពុជា-ថៃឱ្យបានឆាប់បំផុត ពីព្រោះប្រធានគណបក្សនេះបានយកបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា មកធ្វើជាគោលនយោបាយកេងចំណេញផលប្រយោជន៍ ផ្សព្វផ្សាយឱ្យពលរដ្ឋបោះឆ្នោតគាំទ្រ រួមមាន ៖ ធ្វើរបងព្រំដែនកម្ពុជា-ថៃ និងបិទព្រំដែនជារៀងរហូត ។ អ្វីដែលពលរដ្ឋខេត្តបុរីរាំចង់ឃើញបំផុតពេលនេះ គឺលោក Anutin ត្រូវធ្វើរបងព្រំដែនតាមការសន្យា និងផ្តោតលើបញ្ហាព្រំដែនខ្លាំងជាងសេដ្ឋកិច្ច ។
ក្រៅពីនេះ ពលរដ្ឋខេត្តបុរីរាំ សុំប្រាក់ឧបត្ថម្ភបន្ថែមទៀតពីរដ្ឋាភិបាល ពីព្រោះទើបតែទទួលបានប្រាក់ត្រឹមតែ៥,០០០បាតប៉ុណ្ណោះ (ស្មើ១៦១ដុល្លារ) មិនគ្រប់គ្រាន់សម្រាប់ការចំណាយទេ ។ ពួកគេថា ប្រសិនបើកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ជាលើកទី៣ កងទ័ពថៃត្រូវឈ្លានពានទឹកដីកម្ពុជាឱ្យខ្លាំងជាងពេលកន្លងមក ឬវាយប្រហារដណ្តើមយកខេត្តនានារបស់កម្ពុជា ។
ចំណែកពលរដ្ឋនៅស្រុកមឿង ខេត្តត្រាត បានសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនកម្ពុជា-ថៃជារៀងរហូតតាមការសន្យាពេលរកសំឡេងឆ្នោត និងបារម្ភពីកងទ័ពថៃវាយប្រហារកម្ពុជាជាលើកទី៣ ពីព្រោះការប្រមូលផលផ្លែទុរេន សាវម៉ាវ និងមង្ឃុត មិនទាន់រួចរាល់ ។
លទ្ធផលការបោះឆ្នោតនៅប្រទេសថៃបង្ហាញថា ពលរដ្ឋថៃភាគច្រើនគាំទ្រឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានដណ្តើមទឹកដីកម្ពុជា ពលរដ្ឋថៃមិនចង់បានសន្តិភាពឡើយ ថែមទាំងសំណូមពរឱ្យរដ្ឋាភិបាលផ្តោតលើការវាតទីទឹកដី ខ្លាំងជាងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ។
គួរបញ្ជាក់ថា លោក Anutin បានបើកដៃឱ្យកងទ័ពធ្វើសង្គ្រាមជាលើកទី២ ដណ្តើមទឹកដីកម្ពុជា ដើម្បីឈ្នះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយយកបញ្ហាជម្លោះព្រំដែនមកឃោសនាឱ្យពលរដ្ឋបោះឆ្នោតគាំទ្រ ដោយជំរុញឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុល ។
លទ្ធផលរាប់សន្លឹកឆ្នោតបណ្តោះអាសន្នប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ កាលពីថ្ងៃទី៩ ខែកុម្ភៈ បង្ហាញថា គណបក្សភូមិចៃថៃ របស់លោក Anutin ទទួលបានអាសនៈជិត២០០នៅរដ្ឋសភា រីឯគណបក្សប្រជាជន ទទួលបាន១១៦អាសនៈ, គណបក្សភឿថៃ ៧៦អាសនៈ, គណបក្សក្លាថាំ ៥៧អាសនៈ និងគណបក្សប្រាឆ៉ាធិប៉ាត់ ២២អាសនៈ ។
ការទទួលបានអាសនៈនៅរដ្ឋសភាដ៏ច្រើនលើសលប់របស់គណបក្សភូមិចៃថៃ បន្ទាប់ពីលោក Anutin ព្យាយាមញុះញង់ ចោទប្រកាន់ ដើម្បីធ្វើសង្គ្រាមឈ្លានពានកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ហើយពេលនេះ សម្រេចបំណងហើយ ។ លោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រី ទី៣៣ បន្តពីតំណែងនាយករដ្ឋមន្ត្រី ទី៣២ ដែលមានរយៈពេលមិនដល់៤ខែ ៕










