រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦នេះ។
.jpg)
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ការដាក់ផែនការយ៉ាងម៉ឹងម៉ាត់ខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ០៣លើការងារ គ្រប់ គ្រង សន្តិសុខ សុវត្ថិភាព តាម ទីតាំង រស់នៅ ប្រមូលផ្ដុំ និងធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ«រួម»ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។
.jpg)
ជាមួយគ្នានោះ លោកអភិបាលបានបន្ថែមទៀតថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច ទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។ដូច្នេះយើងត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។ មេបទល្មើស ONLINE SCAMSនេះ ពួកគេជាពួកIT ដែលទៀមទាឱ្យកម្លាំងនិងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។ យើងត្រូវប្រឹងប្រែងទាំងអស់គ្នាដើម្បីមុខមាត់ប្រទេសជាតិរបស់យើង។
តាមការបញ្ជាក់របស់ឯឧត្តម៖ ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវ បង្ក្រាបល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ។ បន្ថែមពីនេះការថែរក្សាសន្តិសុខ សុវត្ថិភាពនិងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ តាមផ្សារនានា ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យបានស្អាត ដែលសកម្មភាពនេះ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់គាំទ្រខ្លាំងណាស់៕










