ថ្មីៗនេះតារាចម្រៀង កែវ សុបញ្ញា បានបង្ហោះសំណេរសោកសៅទាក់ទងនឹងការបញ្ចប់ទំនាក់ទំនងយ៉ាងស្ងាត់ៗដើម្បីរក្សាកិត្តិយសដោយមិនបង្ខូចគ្នាទៅវិញទៅមក។ ការបង្ហោះនេះបានជំរុញឱ្យមានការសង្ស័យថាចំណងអាពាហ៍ពិពាហ៍របស់នាងបែកបាក់។ មិនយូរប៉ុន្មានលោក ប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីកងរាជអាវុធហត្ថបានបញ្ជាក់ច្បាស់តែម្តងថាអ្នកទាំងពីរលែងលះគ្នាហើយ។
.png)
កាលពីថ្ងៃទី១ កុម្ភៈ កែវ សុបញ្ញា ដែលជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «និស្ស័យខ្លះ គ្រាន់តែចូលមកដើម្បីឱ្យយើងចួបគ្នា ស្គាល់គ្នាបណ្តោះអាសន្ន រួចក៏ចាកចេញក្លាយជាអ្នកដទៃលែងស្គាល់គ្នា។ គ្រាន់តែការបែកគ្នាខ្លះ យើងគ្រាន់ស្ងាត់ៗដើម្បីរក្សាកិត្តិយសដោយមិនបង្ខូចគ្នាទៅវិញទៅមក។ បុណ្យស្គាល់ម្ចាស់ បាបក៏ស្គាល់ម្ចាស់! យើងគ្រាន់តែចង់រស់នៅសុខរៀងខ្លួនប៉ុណ្ណោះទើបបញ្ចប់ទៅស្ងាត់ៗ»។

ខ្លឹមសាររបស់ម្ចាស់បទ «ពេលមួយយដែលគ្មានខ្ញុំ» បានជំរុញឱ្យមានការសង្ស័យថាចំណងអាពាហ៍ពិពាហ៍របស់នាងទំនងជារង្គោះរង្គើខណៈគេបានដឹងថារូបថតគូរបស់នាងនិងស្វាមីក៏បានលុបចេញពីបណ្តាញសង្គមផងដែរ។ គ្រប់យ៉ាងលែងជាការសង្ស័យតទៅទៀត ខណៈលោក ប៉ាល់ ប៉ោស៊ាង ចេញមកបញ្ជាក់តែម្តងថាពួកគេទាំងពីរនាក់បានលែងលះគ្នាហើយ។
នៅយប់ថ្ងៃទី២ កុម្ភៈ មន្រ្ដីកងរាជអាវុធហត្ថរូបនេះបានបង្ហោះរូបដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ខ្ញុំបាទសូមបញ្ជាក់ និងឱ្យតម្លៃគ្នាទៅវិញទៅមក រូបខ្ញុំនិងភរិយា ឈ្មោះ កែវ សុបញ្ញា បានព្រមព្រៀងគ្នាផ្ដិតមេដៃនៅតុលាការ និង បញ្ចប់ ភាពជាប្ដី ប្រពន្ធ គ្នាចាប់ពីថ្ងៃនេះតទៅ»។.png)
ថ្មីៗនេះ តារាចម្រៀង កែវ សុបញ្ញា ទើបតែប្រឡូកការងារសិល្បៈវិញបន្ទាប់ពីផ្អាកមួយរយៈដោយសារតែការបាត់បង់កូនជាទីស្រលាញ់។ កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង បានរៀបការជាមួយគ្នានៅខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ២០២១ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានភាពសោកសៅនោះគឺថាទម្រាំនឹងឈានដល់ចំណុចនេះលោក ប៉ោស៊ាង បានព្យាយាមតាមសុំស្រលាញ់ កែវ សុបញ្ញា អស់រយៈពេល១៥ឆ្នាំមុនពួកគេភ្ជាប់ពាក្យ ប៉ុន្តែនៅទីបញ្ចប់ចំណងស្នេហាដ៏យូរអង្វែងមួយនេះមិនអាចរក្សាបានទៀតនោះទេ៕










