ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា លោក UENO Atsushi នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ បានអំពាវនាវឱ្យកម្ពុជា និងថៃ ដោះស្រាយជម្លោះតាមរយៈការចរចាដោយសន្តិវិធី និងបើកព្រំដែនផ្លូវគោកឡើងវិញដើម្បីសន្តិភាព សន្តិសុខក្នុងតំបន់ ហើយការបិទព្រំដែនផ្លូវគោករវាងប្រទេសទាំងពីរជាច្រើនខែធ្វើឱ្យប៉ះពាល់បណ្តាញផលិតកម្មក្នុងតំបន់ ជាពិសេស ក្រុមហ៊ុនជប៉ុនប្រតិបត្តិការអាជីវកម្មបែប Thailand-Plus-One ជួបការពិបាកយ៉ាងខ្លាំង ដោយសារត្រូវចំណាយដើមទុនខ្ពស់ជាងមុនលើថ្លៃដឹកជញ្ជូនទំនិញ និងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ ។
.jpg)
នេះជាការអំពាវនាវជាថ្មីរបស់ជប៉ុន បន្ទាប់ពីកាលពីខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន និងវិនិយោគិនជប៉ុនបានអំពាវនាវឱ្យកម្ពុជា-ថៃបើកព្រំដែនផ្លូវគោកឡើងវិញដើម្បីស្តារពាណិជ្ជកម្ម និងកុំឱ្យក្រុមហ៊ុនជប៉ុនផ្លាស់ប្តូរទីតាំងផលិតទំនិញ ។ កងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីក្រោមហេតុផលការពារអធិបតេយ្យរបស់ខ្លួន និងចោទប្រកាន់កម្ពុជាជាទីតាំងឆបោកអនឡាញ ខណៈថៃខ្លួនឯងជាទីតាំងឆបោកអនឡាញដ៏ធំបំផុតលើពិភពលោក ។
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនថា ការបិទព្រំដែនកម្ពុជា-ថៃរយៈពេលជាច្រើនខែបណ្តាលឱ្យប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់ ក្រុមហ៊ុនជប៉ុនជួបការពិបាកយ៉ាងខ្លាំងដែលធ្វើអាជីវកម្មនៅប្រទេសទាំងពីរ លោកបារម្ភពីវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងការវិនិយោគដោយសារស្ថានការណ៍ព្រំដែនតានតឹង ។ ការដឹកទំនិញតាមព្រំដែនផ្លូវគោកកម្ពុជា-ថៃមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនជប៉ុន ប៉ុន្តែគួរឱ្យសោកស្តាយដែលព្រំដែនកម្ពុជា-ថៃបានបិទតាំងពីខែមិថុនា ឆ្នាំ២០២៥ គឺជាការគំរាមកំហែងក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការអាជីវកម្មបែប Thailand-Plus-One ។

លោកបន្តថា ក្រុមហ៊ុនជប៉ុនត្រូវបង្ខំចិត្តជ្រើសរើសផ្លូវដឹកជញ្ជូនទំនិញថ្មី ដែលពិបាក និងចំណាយដើមទុនខ្ពស់ជាងមុន ដូចជា ៖ ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស ពេលខ្លះ ក្រុមហ៊ុនជប៉ុនបានដឹកទំនិញក្នុងផ្លូវដ៏ឆ្ងាយ គឺដឹកពីប្រទេសថៃទៅឡាវ រួចហើយដឹកបន្តទៅវៀតណាម ទើបមកដល់កម្ពុជា ។ លោក និងឯកអគ្គរាជទូតជប៉ុនប្រចាំទីក្រុងបាងកក បានសំណូមពរឱ្យរដ្ឋាភិបាលកម្ពុជា-ថៃពិភាក្សាពីការបើកព្រំដែនឡើងវិញក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែន ។
ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ជឿជាក់លើទំនាក់ទំនងល្អរវាងកម្ពុជា-ថៃពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ហេតុនេះ ជប៉ុនសូមអំពាវនាវឱ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយតាមរយៈការចរចាដោយសន្តិវិធី ។ ជប៉ុនបានផ្តល់ប្រាក់ជំនួយដល់ពលរដ្ឋប្រទេសទាំងពីរដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក៏ដូចជាសហការជាមួយអង្គការអន្តរជាតិ និងកំពុងពិចារណាផ្តល់ការគាំទ្របន្ថែមទៀតដល់ពលរដ្ឋរងផលប៉ះពាល់ ។
.jpg)
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ និងកងទ័ពថៃបានបិទព្រំដែនផ្លូវគោកជាមួយកម្ពុជាជាឯកតោភាគីតាំងពីខែមិថុនា ឆ្នាំ២០២៥ ក្រោមហេតុផលការពារអធិបតេយ្យរបស់ខ្លួន និងចោទប្រកាន់កម្ពុជាជាទីតាំងឆបោកអនឡាញ ខណៈថៃខ្លួនឯងជាទីតាំងឆបោកអនឡាញដ៏ធំបំផុតលើពិភពលោក ។ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦ ព្រំដែនផ្លូវគោកកម្ពុជា-ថៃទាំងអស់នៅតែបន្តបិទក្រោមហេតុផលដដែល និងធ្វើឱ្យថៃបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងខ្លាំង គ្មានភ្ញៀវទេសចរ អាជីវកម្មថៃនៅព្រំដែនដួលរលំ មិនថាសណ្ឋាគារ ភោជនីយដ្ឋាន ការលក់ដូរទំនិញ ពលរដ្ឋថៃបាត់បង់ការងារ ។
ការបិទច្រកព្រំដែនកម្ពុជា-ថៃ ក្រៅពីថៃខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក៏ប៉ះពាល់ដល់ការនាំចេញបន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ផ្សេងៗរបស់ថៃផងដែរ ។ កន្លងមក សភាពាណិជ្ជកម្មថៃនៅតាមបណ្តាខេត្តជាប់កម្ពុជា បានសំណូមពរឱ្យរដ្ឋាភិបាល និងកងទ័ពថៃបើកព្រំដែនឡើងវិញដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចថៃធ្លាក់ចុះ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul ថា ព្រំដែននឹងបិទបន្តទៀត ប្រសិនបើគណបក្សភូមិចៃថៃឈ្នះឆ្នោត ដោយសារពលរដ្ឋថៃជ្រុលនិយមប្រឆាំងការបើកព្រំដែន ៕










