អ្នកលេងបណ្តាញសង្គមទិកតុកបានសម្តែងការមិនពេញចិត្តនិងចង់ឱ្យផ្លាស់ប្តូរបទចម្រៀងនៅពេលឃើញបវរកញ្ញា៣រូបរួមមាន ផន ស្រីពី សារ៉ាន់ គីមឡាង និង រី ស្រីនេត ដាក់បទចម្រៀងរបស់ Lisa សមាជិក BLACKPINK ។ ការមិនពេញចិត្តនេះទំនងដោយសារតែ Lisa ជាតារាចម្រៀងកូរ៉េមានដើមកំណើតថៃ ចំពេលប្រទេសទាំងពីរមានជម្លោះព្រំដែន។

នៅថ្ងៃទី១ ខែកុម្ភៈ គណនីទិតតុកមួយឈ្មោះថា « selaarr Review តាមអារម្មណ៍» បានបង្ហោះវីដេអូដែលមាន ផន ស្រីពី Miss Cosmo Cambodia 2025 សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 និង រី ស្រីនេត ដែលជាលំដាប់រងក្នុងកម្មវិធីបវរកញ្ញាមួយ បានដើរក្រសោបគ្នាទាំងព្រម ដោយបានដាក់បទចម្រៀង BORN AGAIN របស់តារាចម្រៀង Lisa សហការជាមួយនឹង Doja Cat & RAYE។

ទោះយ៉ាងណា ការដាក់បទចម្រៀងនេះបានបណ្តាលឱ្យអ្នកលេងទិកតុកដែលជាអ្នកគាំទ្របានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការដាក់បទចម្រៀងរបស់តារាចម្រៀង Lisa ។ នេះមិនមែនជាលើកទី១នោះទេដែលបវរកញ្ញាត្រូវរងនូវមតិប្រតិកម្មនៅលើបណ្តាញសង្គមនៅពេលលេងបទចម្រៀងរបស់ Lisa កន្លងមក ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏រងការរិះគន់ដូចគ្នានៅពេលនាងលេងបទ « WHEN I’M WITH YOU» សហការជាមួយ Tyla។ 
ភាពមិនពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមកាន់តែច្រើនចំពោះ Lisa ដោយសារតែនាងជាជនជាតិសៀម ស្របពេលប្រជាជនខ្មែររងការឈឺចាប់ដោយសារតែយោធាថៃឈ្លានពានទឹកដីកម្ពុជា។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 ត្រូវរងនូវមតិវែកញែកយ៉ាងច្រើនចំពោះការស្លៀកពាក់ស្បៃនិងខោ។ ចំណែកឯ ផន ស្រីពី វិញថ្មីៗនេះត្រូវបានទស្សនិកជនសរសើរយ៉ាងច្រើនចំពោះវីដេអូរបស់នាងដែលចូលរួមផ្សព្វផ្សាយតំបន់ទេចរណ៍។ ជាមួយគ្នានេះ រី ស្រីនេត កំពុងមានដំណឹងល្អថារូបនាងនឹងចូលប្រកួតវិស័យបវរកញ្ញាម្តងទៀត៕










