ប្រទេសចិន ៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ តុលាការចិនមួយបានកាត់ទោ.សប្រហារជីវិតអតីតអភិបាលក្រុងហៃគូ បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថាគាត់មានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងពុករ.លួយដ៏ធំមួយមិនដែលមានក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការរឹបអូសបានមាសចំនួន ១៣តោនកន្លះ និងលុយសុទ្ធដ៏ច្រើនមហាសាលនៅក្នុងឃ្លាំងស្តុកទ្រព្យរបស់គាត់។

លោក Zhang Qi អតីតមន្ត្រីជាន់ខ្ពស់ និងជាអតីតអភិបាលក្រុងហៃគូ រដ្ឋធានីនៃខេត្តហៃណាន ត្រូវបានតុលាការចិនបានកាត់ទោ.សប្រ.ហារជីវិត បន្ទាប់ពីរកឃើញថាគាត់មានទោសពីបទសូកប៉ាន់ និងរំលោ.ភអំណាច។ តុលាការបានសម្រេចថា បទឧក្រិដ្ឋរបស់លោក Zhang ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សាធារណៈ ដែលឈានដល់កម្រិតនៃការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតក្រោមច្បាប់ចិន។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា លោក Zhang បានប្រមូលទ្រព្យសម្បត្តិខុសច្បាប់យ៉ាងច្រើនតាមរយៈប្រាក់សំណូកដែលទាក់ទងនឹងកិច្ចព្រមព្រៀងដីធ្លី និងកិច្ចសន្យារដ្ឋាភិបាល ដោយអាជ្ញាធរបានរឹបអូសប្រាក់សុទ្ធ មាស និងទ្រព្យសម្បត្តិប្រណីតយ៉ាងច្រើនពីឃ្លាំងទ្រព្យសម្បត្តិរបស់មន្ត្រីរូបនេះ។
គួរជម្រាបថា កាលពីអំឡុងពេលកាន់តំណែងជាអភិបាលក្រុងហៃគូពីឆ្នាំ ២០០៩ ដល់ ២០១៩ លោក Zhang ជាអ្នកចេញច្បាប់សាងសង់ និង គម្រោងសំណង់ហេដ្ឋារចនាសម័ន្ធនានា ដែលធ្វើអោយលោកប្រមូលទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់រាប់ពាន់លានដុល្លារ ។
ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ បន្ទាប់ពីរបាយការណ៍មួយចំនួនបានលេចធ្លាយអំពីទ្រព្យសម្បត្តិខុសច្បាប់យ៉ាងច្រើនដែលជាប់ទាក់ទងនឹងលោក Zhang។ ការផ្តន្ទាទោសលោក Zhang គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងបន្តរបស់ប្រទេសចិន ដែលបានកំណត់គោលដៅមន្ត្រីនៅថ្នាក់ជាន់ខ្ពស់ និងថ្នាក់មូលដ្ឋានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕










