បន្ទាប់ពីប្រកាសដើរចេញពីវិស័យចម្រៀងនិងប្រកាសវិលត្រឡប់មកវិញ អូជី ហ្គូលឌិន ស្រាប់តែទទួលបានសម្តីឌឺដងយ៉ាងខ្លាំងក្លាពី ម៉ៃ សុគន្ធ ខណៈ អូជី មិនខ្លបខ្លាចនោះទេថែមទាំងចែករំលែកបន្តនូវខ្លឹមសារនោះទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ អូជី ស្រាប់តែទម្លាក់ Freestyle ហើយ Diss track ដោយភ្ជាប់មកជាមួយនឹងពាក្យ «តោបែកទឹក»ដែលមនុស្សជាច្រើនសង្ស័យថា អូជី Diss ម៉ៃ សុគន្ធ។

នៅថ្ងៃទី៣០ អូជី បានទម្លាក់ចម្រៀង Diss track ភ្ជាប់មកជាមួយនឹងការសរសេរថា «តោបែកទឹក Just freestyle »។ នៅក្នុងចម្រៀងនេះ អូជី បានច្រៀងពីមនុស្សម្នាក់ជាមនុស្សក្រទេប៉ុន្តែដើរទើស Kpop ធ្វើខ្លួនមិនឱ្យគេស្រលាញ់ ធ្វើតែរឿងឡប់ ហើយតាំងពីដើមមកឃើញមានតែអ្នកស្អប់។ អូជី ក៏បានលើករឿងពីមុនដែលរូបគេមិនតបតគិតថាខ្លួនក្មេង ប៉ុន្តែលើកនេះលែងអត់ធន់តទៅទៀតដោយសារតែមនុស្សចាស់បែកឆ្វេង។ ជាមួយប៉ារ៉ូលកាចៗ អូជី ក៏លើកពីបុគ្គលនោះជាសំផឹងនៃសិល្បៈដែលរូបគេជេរលេង។
អូជី បានបោះសម្តីក្នុងចម្រៀងពីបុគ្គលសក់មិនសមនឹងមុខដើរទើសគេគ្រប់គ្នាដូចក្មេងញៀនម៉ា ហើយប្រហែលពីតូចមិនចូលសាលា។ ម្ចាស់ពានវ័យក្មេងរូបនេះថែមទាំងបង្ហាញថារូបគេមិនចង់តបតប៉ុន្មាននោះទេប៉ុន្តែតោចេះតែតាមខាំពេក។ ចម្រៀង Diss track របស់ អូជី នេះត្រូវបានមនុស្សជាច្រើនចង្អុលបង្ហាញថាគឺសម្តៅទៅកាន់ ម៉ៃ សុគន្ធ។
គួរឱ្យដឹងថា បន្ទាប់ពី អូជី ប្រកាសចូលសិល្បៈវិញ ម៉ៃ សុគន្ធ បានបោះសម្តីផ្លែផ្កាកាលពីថ្ងៃទី២៩ ថា « ជោរ ទាមទារចំណាប់អារម្មណ៍ប្រកាសលាពីសិល្បៈបាន តែ២ថ្ងៃ ឥឡូវប្រកាសបោរក្បាលចូលសិល្បៈវិញ» ម៉ៃ សុគន្ធ បានភ្ជាប់មកជាមួយនឹងអក្សរឡាតាំងសំនៀងខ្មែរថា «ថោក មហាថោក»។ 
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល ម៉ៃ សុគន្ធ និង អូជី ឌឺដងផ្លែផ្កាឱ្យគ្នា កាលពីខែមីនា ឆ្នាំ២០២៥ ម៉ៃ សុគន្ធ បានបោះសម្តីផ្លែផ្កាថា Rapper ទើបរះថ្មីជាមនុស្សភ្លេចកំណើត ភ្លេចមិត្តកម្សត់កម្រជាមួយគ្នា ចរិតឡូយ តោងគ្រូល្បី។ ក្រោយមក អូជី ក៏បានបង្ហោះផ្លែផ្កាឱ្យវិញផងដែរ៕










