គេចាំបានថាកាលពីកន្លងមកនេះមាននារីជាជនជាតិវៀតណាមម្នាក់បាននិយាយនៅក្នុងវីដេអូមួយបានជ្រើសប្រទេសកម្ពុជាបាត់ចេញពីផែនដីដោយលើកហេតុផលថាមានការការឆបោកអនឡាញ (scammer) ច្រើន។ នាគ្រានោះបានធ្វើឱ្យមានមតិប្រតិកម្មយ៉ាងខ្លាំងក្លាពីអ្នកលេងបណ្តាញសង្គមទាំងពីរប្រទេស។ 
ងាកមកកាន់ ឆន ស្រីណេត វិញដែលមានកំណើតនៅកម្ពុជាក្រោមជារឿយៗតែងតែមានមតិប្រតិកម្មតបតនឹងសារព័ត៌មានវៀតណាមមួយចំនួនដែលជារឿយៗបានចុះផ្សាយលាបពណ៌ខ្មែរខុសពីការពិត។

ជាក់ស្តែងថ្មីៗនេះ ឆន ស្រីណេត ក៏បានបញ្ចេញសារយ៉ាងក្តៅគគុកទាក់ទងនឹងការឆបោកអនឡាញ scammer ទាំងដែលជនឆបោកទាំងនោះជាជនជាតិវៀតណាម លួចចូលមកធ្វើការខុសច្បាប់យ៉ាងច្រើននាក់។ នៅយប់ថ្ងៃទី៣០ ខែមករា ឆន ស្រីណេត បានចែករំលែកការបង្ហោះរបស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម អមដោយខ្លឹមសារថា «គ្មានខ្មែរទេចា៎ … កុំពូកែឡាំប៉ាពេកបងៗយួនអើយ ស្រែកក្តែងៗហើយលាបពណ៌ខ្មែររាល់ថ្ងៃថាខ្មែរជាអ្នកបោក (scammer ) មើលក្នុងនេះសុទ្ធតែយួនហើយចិន»។ ការចុះផ្សាយនោះបានឱ្យដឹងថា «អាជ្ញាធរបានបង្ក្រាបក្រុមឆបោកឆ្លងដែនមួយនៅក្នុងប្រទេសកម្ពុជា ដោយចាប់ខ្លួនមនុស្សទាំងក្រុមចំនួន ៤៧ នាក់ (ជនជាតិចិន ៥ នាក់ និងជនជាតិវៀតណាម ៤២ នាក់)»។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជនជាតិវៀតណាមប្រុសស្រី៧៨នាក់ ត្រូវអាជ្ញាធរកម្ពុជាបណ្ដេញចេញក្រោយរកឃើញថា ពួកគេបានលួចប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញ ដឹកជញ្ជូនគ្រឿងផ្ទុះ និងប្រើគ្រឿងញៀន។ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមប្រុសស្រី១៦៤នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅស្រុកកំណើតវិញក្រោយរកឃើញលួចស្នាក់នៅធ្វើការងារខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន៕










