បងប្អូនអ្នកជិះ Prius សូមប្រុងប្រយ័ត្ន! ឥឡូវនេះក្រុមហ៊ុនតូយ៉ូតា បានប្រកាសថា រថយន្ត Prius ប្រមាណជាង ២៤ម៉ឺនគ្រឿង ត្រូវបាន recall ឬ ប្រមូលចូលវិញជាបន្ទាន់ដើម្បីជួសជុល ក្រោយគេបានពិនិត្យឃើញមានបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជារទ្វារខាងក្រោយរបស់វា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Nippon របស់ជប៉ុន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

យោងតាមប្រភពខាងលើ ក្រុមហ៊ុន Toyota Motor Corporation បានប្រកាសប្រមូលរថយន្ត Prius hybrid ប្រមាណ 240,000 គ្រឿង ដែលផលិតរវាងថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 និងថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2025 បន្ទាប់ពីរកឃើញបញ្ហាដែលអាចអនុញ្ញាតឱ្យទ្វារក្រោយរបស់វារបើកដោយខ្លួនឯង ក្នុងអំឡុងពេលដែលរថយន្តកំពុងបើកបរលើផ្លូវ។.jpg)
ក្នុងករណីអាក្រ.ក់បំផុត ទ្វារខាងក្រោយអាចបើកដោយស្វ័យប្រវត្តិ ខណៈពេលដែលរថយន្តកំពុងធ្វើចលនា ដែលទាំងនេះបណ្ដាលមកពី switch របស់វាត្រូវបានបង្កើតឡើងនៅក្នុងខ្សែតែមួយជាមួយកុងតាក់បើក-បិទទ្វារ ដែលជាកំហុសធំមួយ អាចអនុញ្ញាតឱ្យទឹកចូលទៅក្នុងប្រព័ន្ធអគ្គិសនីនៅជិតទ្វារក្រោយនៅពេលលាងសម្អាត ឬមានភ្លៀងធ្លាក់។
រហូតមកដល់ពេលនេះ មានឧបទ្ទវហេតុពីរហើយដែលបានកើតឡើងទាក់ទងនឹងបញ្ហានេះនិងត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ក្រុមហ៊ុនតូយ៉ូតា កំពុងអនុវត្តការងារនេះដោយមិនគិតថ្លៃសម្រាប់ម្ចាស់រថយន្ត ហើយកំពុងជូនដំណឹងដល់អតិថិជនផ្សេងៗទៀតអំពីការប្រមូលរថយន្តមកវិញ ជាមួយនឹងការណែនាំអំពីរបៀបប្រើប្រាស់បន្ត។
គួរជម្រាបថា រថយន្ត Prius ម៉ូដែល hybrid គឺជារថយន្តដ៏ពេញនិយមបំផុតមួយរបស់ក្រុមហ៊ុន Toyota នៅទូទាំងពិភពលោក។ វាត្រូវបានគេស្គាល់ថាជាប្រភេទរថយន្តដែលសន្សំសំចៃប្រេងឥន្ធនៈ និងការទទួលយកបច្ចេកវិទ្យាកូនកាត់តាំងពីដំបូង។ ទោះជាយ៉ាងណាក៏ដោយ ដូចក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀតដែរ ក្រុមហ៊ុន Toyota បានប្រឈមមុខនឹងការប្រមូលរថយន្តមកវិញជាច្រើនម៉ឺនគ្រឿងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសពាក់ព័ន្ធនឹងម៉ូដែល និងប្រព័ន្ធផ្សេងៗ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់៕










