ប្រទេសថៃ ៖ រោងចក្រផលិតកាំជ្រួចមួយកន្លែងនៅភូមិដងកាក់សា ឃុំរ៉ៃរុត ស្រុកដនជេឌី ខេត្តសុផាន់បុរី ប្រទេសថៃ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៧និង១២នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លា.ប់ រងរបួសធ្ងន់ជាច្រើននាក់ និងខូចខាតផ្ទះ១ខ្នង ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់អ្នករស់នៅក្បែរនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ ដោយសារសំឡេងផ្ទុះឮខ្លាំងរហូតដល់៣ស្រុក ។

ក្រោយពីទទួលដំណឹងឆេះរោងចក្រផលិតកាំជ្រួច មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តសុផាន់បុរី បានបញ្ជូនភ្នាក់ងារពន្លត់ភ្លើង និងក្រុមសង្គ្រោះជាច្រើននាក់ ព្រមជាមួយឧបករណ៍សង្គ្រោះទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានការណ៍ និងជួយជនរងគ្រោះដោយសារភ្លើងឆេះជាបន្ទាន់ ។.jpg)
បើតាមការព័ត៌មានបឋម ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ ខណៈក្រុមសង្គ្រោះបានបញ្ជូនមនុស្សរងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះភ្លាមៗ ។ ជាមួយគ្នានេះ ក៏មានការបិទផ្លូវនៅតំបន់ជុំវិញដើម្បីការពារកុំឱ្យកើតគ្រោះថ្នាក់បន្ថែមទៀត និងផ្តល់ភាពងាយស្រួលដល់ភ្នាក់ងារពន្លត់ភ្លើង និងក្រុមសង្គ្រោះគ្រប់គ្រងស្ថានការណ៍ ។

ចំណែកមូលហេតុបណ្តាលឱ្យឆេះរោងចក្រផលិតកាំជ្រួចមិនទាន់ដឹងនៅឡើយទេ និងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងលម្អិតពីសមត្ថកិច្ច ថាតើរោងចក្រនេះបានទុកដាក់កាំជ្រួច ឬប្រើប្រាស់កាំជ្រួចត្រឹមត្រូវតាមច្បាប់កំណត់ដែរឬទេ ។ ក្រៅពីនេះ សមត្ថកិច្ចនឹងប្រមូលភស្តុតាង ព្រមទាំងសាក្សីនៅកន្លែងកើតហេតុដើម្បីស្រាវជ្រាវចាត់វិធានការតាមច្បាប់បន្តទៀត ។.jpg)
មន្ត្រីស្ថាប័នពាក់ព័ន្ធបានជូនដំណឹងឱ្យពលរដ្ឋចៀសវាងធ្វើដំណើរមកក្បែរកន្លែងកើតហេតុ និងសុំឱ្យចូលរួមសហការផងដែរ ប្រសិនបើមានព័ត៌មានបន្ថែម ឬឃើញអ្វីគួរឱ្យសង្ស័យ ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ដើម្បីសុវត្ថិភាពពលរដ្ឋទាំងអស់ ៕










