មិនត្រឹមតែស្រស់ស្អាតទាក់ចិត្តទាក់បេះដូងសាធារណជនប៉ុណ្ណោះទេប៉ុន្តែថ្មីៗនេះលោកជំទាវ យឹម ឆៃលីន បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើលក្រោយពីឃើញថាលោកជំទាវប្រសប់ធ្វើម្ហូបមើលទៅមិនចាញ់ចុងភៅជំនាញប៉ុន្មាននោះទេ។

តាមរយៈវីដេអូដែលមានការបង្ហោះនៅលើបណ្តាញសង្គមលោកជំទាវ យឹម ឆៃលីន បានរៀបចំបុកល្ហុកដោយផ្ទាល់ដៃឱ្យកូនរបស់ខ្លួនដែលកំពុងតែបន្តសិក្សានៅប្រទេសអង់គ្លេស។ ដើម្បីបន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់មិនត្រឹមតែមានជាបុកល្ហុកប៉ុណ្ណោះទេថែមទាំងមានបាយដំណើបចំហុយនិងជើងមាន់អាំងផងដែរ។ បន្ទាប់ពីទស្សនិកជនបានឃើញលោកជំទាវ យឹម ឆៃលីន ប៉ិនប្រសប់បែបនេះហើយអ្នកលេងអ៊ីនធឺណិតបានចូលរួមបញ្ចេញមតិជាច្រើនថា «អត់ដឹងថាគាត់ពូកែចឹងសោះ, ស្អាតហើយចំណាប់ធ្វើម្ហូបទៀតបងស្រី, បានទាំងព្រម ស្អាត ឆ្លាត ពូកែ, ទាំងស្អាតនិងពូកែ ថ្លៃថ្នូរទៀតបង….»។
ក្រៅពីមុខម្ហូបបុកល្ហុក ទស្សនិកជនបានឃើញលោកជំទាវធ្វើម្ហូបជាច្រើនទៀតដូចជា សម្លម្ជូរគ្រឿងត្រកួន និង ធ្វើនំបាក់បិន ជាដើម។
ជារឿយៗលោកជំទាវ យឹម ឆៃលីន ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់អំពីសម្រស់ដ៏ស្រស់ស្អាត ប្រកបដោយភាពថ្លៃថ្នូររៀបចំខ្លួនស្របទៅនឹងកម្មវិធី។ ក្រៅពីសម្រស់ទស្សនិកជនក៏ចាប់អារម្មណ៍ទៅនឹងគ្រឿងអលង្ការថ្លៃៗ និងកាបូបប្រណីតៗរបស់លោកជំទាវផងដែរ៕










