សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសលុបចោលការអញ្ជើញកាណាដាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) គឺជាអង្គការអន្តរជាតិថ្មីបង្កើតឡើងដោយខ្លួនលោកដើម្បីជំនួសតួនាទីអង្គការសហប្រជាជាតិ (UN) ។ ការលុបចោលការអញ្ជើញនេះ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីររូបប៉ះពាក្យសម្តីគ្នាខ្លាំងៗអំពីសណ្តាប់ធ្នាប់ពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ។

ការប៉ះពាក្យសម្តីគ្នានេះដោយសារនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ដោយសង្កត់ធ្ងន់ពីការដួលរលំនៃសណ្តាប់ធ្នាប់ពិភពលោកក្រោមការដឹកនាំរបស់អាមេរិក និងអំពាវនាវឱ្យមហាអំណាចកណ្តាលរួបរួមគ្នាប្រឆាំងនឹងការដាក់សម្ពាធសេដ្ឋកិច្ចពីមហាអំណាចធំជាងគេ ។ បើទោះជានាយករដ្ឋមន្ត្រីកាណាដាមិនបាននិយាយចំៗថា មហាអំណាចធំជាងនោះគឺជាអាមេរិក ប៉ុន្តែធ្វើឱ្យលោកប្រធានាធិបតី Trump មិនពេញចិត្តយ៉ាងខ្លាំង ។
លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ទៅកាន់នាយករដ្ឋមន្ត្រីកាណាដា ថា ៖ «ក្រុមប្រឹក្សាសន្តិភាពសូមលុបចោលការអញ្ជើញកាណាដាឱ្យចូលរួមជាសមាជិក» ។ លោកធ្លាប់ចោទប្រកាន់កាណាដាកន្លងមកថា ៖ «កាណាដាទទួលបានរបស់មិនគិតថ្លៃច្រើនពេកពីអាមេរិក គួរតែដឹងគុណអាមេរិក កាណាដាអាចរស់បានដោយសារអាមេរិក ចូរចាំទុកផង Mark Carney» ។.jpg)
ក្រៅពីហេតុផលប៉ះសម្តីគ្នា ឧបសគ្គសំខាន់ដែលលោកប្រធានាធិបតី Trump ផ្លាស់ប្តូរចិត្តមិនអញ្ជើញកាណាដាឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព គឺដោយសារលោកកំណត់ឱ្យសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិភាពត្រូវបង់ប្រាក់ចំនួន១ពាន់លានដុល្លារ ហើយកាណាដាប្រកាសថា រីករាយនឹងចូលរួមក្នុងក្រុមប្រឹក្សានេះ ប៉ុន្តែកាណាដានឹងមិនបង់ប្រាក់ឡើយ ។
នាយករដ្ឋមន្ត្រីកាណាដា លោក Carney បានឆ្លើយតបទៅលោកប្រធានាធិបតី Trump វិញ ក្នុងពេលធ្វើដំណើរមកទីក្រុង Quebec ថា ៖ «កាណាដាមិនបានរស់ដោយសារអាមេរិកទេ កាណាដារីកចម្រើនដោយសារពលរដ្ឋកាណាដាខ្លួនឯង» ។
ទោះជារដ្ឋាភិបាលអាមេរិកអះអាងពីក្រុមប្រឹក្សាសន្តិភាពមានគោលដៅបញ្ឈប់សង្គ្រាមនៅតំបន់កាហ្សា និងស្តារសន្តិភាពឡើងវិញ ប៉ុន្តែក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពមិនបានលើកឡើងពីប៉ាឡេស្ទីនទេ បែរជាផ្តល់អំណាចឱ្យលោកប្រធានាធិបតី Trump មានសិទ្ធិសម្រេចចិត្តក្នុងឋានៈជាប្រធាន ហើយក្រុមប្រឹក្សានេះនឹងជំនួសតួនាទីអង្គការសហប្រជាជាតិ ។
គួរបញ្ជាក់ថា ពេលនេះ មានប្រទេសជាង៦០ ទទួលបានលិខិតអញ្ជើញពីអាមេរិកឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព ហើយមានប្រទេសចំនួន៣៥ យល់ព្រមចូលរួមជាសមាជិក ។ រីឯសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជា ៖ ចិន បារាំង រុស្ស៊ី និងអង់គ្លេស បដិសេធការចូលរួម ៕.jpg)










