ខន សូរិយា មិនអាចបន្តដំណើរលើឆាកអន្តរជាតិក្នុងនាម Miss World Cambodia 2026 បាននោះទេដែលរឿងនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយនឹងដំណឹងនេះមនុស្សមួយចំនួនបានលើកឡើងថាខាងក្រុមហ៊ុន CIM គឺជាអ្នកដកតំណែងនាងប៉ុន្តែត្រូវបានខាងកម្មវិធីបកស្រាយថាពួកគេសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ ដោយសារតែពួកគេធ្វើការមិនចុះសម្រុងគ្នា។

បន្ទាប់ពីមានការបកស្រាយពីខាងក្រុមហ៊ុនគ្រប់គ្រងបវរកញ្ញា ខន សូរិយា បានបញ្ជាក់សាជាថ្មីនិងជាលើកចុងក្រោយដោយសារតែពេលនេះនាងប៉ះពាល់ផ្លូវចិត្តខ្លាំង។ នៅថ្ងៃទី២២ ខែមករា ខន សូរិយា បានធ្វើការបកស្រាយថា «តាមកិច្ចសន្យាទាំងកិច្ចសន្យាផ្ទាល់មាត់ និងក្រដាស់រវាងនាង និងAgency បានកំណត់ថា agencyនឹងទទួលបានភាគរយ ៣០% ពីការងារថតវីដេអូ និងថតរូបផ្សព្វផ្សាយផ្សេងៗរបស់នាង។ Agency នឹងជួយគ្រប់គ្រងនាង ជួយបង្កើតរូបភាពល្អៗ និងគាំទ្រសកម្មភាពផ្សេងៗរបស់នាង។ .png)
ទោះយ៉ាងណាក្នុងអំឡុងពេលនៃដំណើរនេះ ខន សូរិយា បានគ្រប់គ្រងភារៈកិច្ចភាគច្រើនដោយខ្លួនឯង រួមទាំងការស្វែងរកការងារ ការរៀបចំពេលវេលា និងការរៀបចំសកម្មភាពនានា។ ដូចនេះហើយនាងបានស្នើសុំការពិភាក្សាឡើងវិញ ដើម្បីពិនិត្យលក្ខខណ្ឌកិច្ចសន្យាឱ្យមានភាពយុត្តិធម៌ និងការយល់ព្រមពីភាគីទាំងពីរ។
ខន សូរិយា ថាជាអកុសលនាងនិង Agency មិនអាចឈានដល់ការព្រមព្រៀងបាន ហើយនាងត្រូវបានជម្រាបថា លក្ខខណ្ឌនឹងនៅដដែល ហើយបើកិច្ចសន្យាត្រូវបានបញ្ចប់ នោះតំណែងក៏នឹងត្រូវបានបញ្ចប់ផងដែរ។ អតីតបវរកញ្ញារូបនេះថា សម្រាប់នាងប្រាក់មិនមែនជាចំណុចសំខាន់បំផុតទេអ្វីដែលសំខាន់ពិតប្រាកដ គឺការយល់ឃើញថា តម្លៃរបស់មនុស្សម្នាក់ មិនគួរត្រូវបានកំណត់ដោយមកុដនេះឡើយ។ តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីនាងបានទេ។
ក្រោយពីមិនអាចព្រមព្រៀងកិច្ចសន្យាសាជាថ្មីជាមួយគ្នា ខន សូរិយា បានសម្រេចចិត្តជ្រើសរើសការដើរចេញ មិនមែនដោយសារនាងបាត់បង់អ្វីមួយទេ ប៉ុន្តែដោយសារនាងជ្រើសរើសឈរលើតម្លៃ និងកិត្តិយសរបស់ខ្លួនឯង៕










