ប្រទេសចិន ៖ ចិនបានប្រកាសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ អំពីគោលជំហរការពារគោលការណ៍អង្គការសហប្រជាជាតិ (UN) និងបដិសេធការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ។ គោលជំហររបស់ចិនស្របគ្នាជាមួយន័រវេស ខណៈប្រធានាធិបតីអាមេរិកចាត់ទុកក្រុមប្រឹក្សានេះនឹងអាចជំនួសអង្គការសហប្រជាជាតិ ដែលលោកបានរិះគ.ន់ថា បរាជ័យក្នុងការដោះស្រាយជម្លោះនានា ។
ចិនបានទទួលលិខិតអញ្ជើញរបស់លោកប្រធានាធិបតី Trump ឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដែលមានគោលដៅដោះស្រាយជម្លោះផ្សេងៗនៅទូទាំងពិភពលោក ហើយរហូតមកដល់ពេលនេះ ចិនមិនទាន់ឆ្លើយតបជាផ្លូវការនឹងចូលរួមឬក៏អត់ទេ ។
ប៉ុន្តែបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun កាលពីថ្ងៃទី២១ ខែមករា រដ្ឋាភិបាលចិននឹងគាំទ្រសណ្តាប់ធ្នាប់ពិភពលោកដែលមានអង្គការសហប្រជាជាតិជាគោល និងមិនគិតពីការផ្លាស់ប្តូរណាមួយឡើយ ។ ទោះជាស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរ ក៏ចិននៅតែប្រកាន់ខ្ជាប់នូវប្រព័ន្ធអន្តរជាតិតែមួយ និងទំនាក់ទំនងអន្តរជាតិផ្អែកលើគោលការណ៍អង្គការសហប្រជាជាតិ ។ សេដ្ឋកិច្ចចិនរីកចម្រើនលំដាប់ទី២លើពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះ ចិនប្រកាន់ជំហរការពារអង្គការនេះ ។
ដូចគ្នានេះ រដ្ឋាភិបាលន័រវេសបានប្រកាសកាលពីថ្ងៃទី២១ ខែមករា មិនចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោកប្រធានាធិបតី Trump ទេ ប៉ុន្តែន័រវេសនឹងសហការជិតស្និទ្ធជាមួយអាមេរិកបន្តទៀត ខណៈលោកប្រធានាធិបតី Trump ធ្លាប់បង្ហាញការខកចិត្តចំពោះន័រវេស ដែលមិនផ្តល់ពានរង្វាន់ណូបែលសន្តិភាព ។
គោលបំណងដំបូងនៃការបង្កើតក្រុមប្រឹក្សាសន្តិភាព គឺលោកប្រធានាធិបតី Trump បានកំណត់ការស្តារសន្តិភាពនៅតំបន់កាហ្សា ប៉ុន្តែខ្លឹមសារលិខិតអញ្ជើញដែលផ្ញើទៅមេដឹកនាំប្រទេសនានា បានបញ្ជាក់ពីគោលដៅដោះស្រាយជម្លោះផ្សេងៗនៅទូទាំងពិភពលោក មិនមែនផ្តោតតែលើជម្លោះនៅតំបន់កាហ្សាទេ ។ អាមេរិកកំណត់ឱ្យប្រទេសនានាបង់ប្រាក់ ចំនួន១ពាន់លានដុល្លារ សម្រាប់ការចូលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ ដែលមានលោកប្រធានាធិបតី Trump ជាប្រធាន ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព គឺជាស្ថាប័នអន្តរជាតិមួយមានគោលបំណងស្តារស្ថិរភាព អភិបាលកិច្ច និងសន្តិភាពយូរអង្វែងក្នុងតំបន់ងាយរងគ្រោះដោយសារជម្លោះ ហើយ ប្រទេសជាសមាជិកនឹងមានអាណត្តិរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់ប្រទេសដែលចូលរួមបង់ប្រាក់នឹងក្លាយជាសមាជិកអចិន្ត្រៃយ៍ ។ អារ៉ាប់រួម (UAE) ម៉ារ៉ុក វៀតណាម និងហុងគ្រី បានយល់ព្រមចូលរួមក្រុមប្រឹក្សានេះ ខណៈរុស្ស៊ី ថៃ និងប្រទេសមួយចំនួនទៀតកំពុងពិចារណា ។ រីឯកម្ពុជាត្រូវបានលោកប្រធានាធិបតី Trump អញ្ជើញឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព ៕










