វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Støre កាលពីថ្ងៃអាទិត្យថា ឥឡូវនេះលោកលែងមានអារម្មណ៍ថាត្រូវគិតគូរពីសន្តិភាពដ៏បរិសុទ្ធអ្វីទៀតហើយ ដោយសារតែគណៈកម្មាធិការណូបែលនៅប្រទេសន័រវេស មិនបានប្រគល់រង្វាន់ណូបែលសន្តិភាពដល់លោក។ នេះបើតាមការចុះផ្សាយរបស់ CNN។

នៅក្នុងលិខិតមួយដែលផ្ញើទៅកាន់លោក Støre នាយករដ្ឋមន្ត្រីន័រវេស, លោក Trump បានឆ្លៀតបន្ថែមនូវចំណុចមួយដែលមានភ្ជាប់អត្ថន័យគំរាមកំហែងម្តងហើយម្តងទៀត ក្នុងការដណ្តើមយកការគ្រប់គ្រងលើកោះ Greenland ទៅនឹងការពិតដែលថាពានរង្វាន់ណូបែលសន្តិភាពមិនបានមកលោក ទាំងដែលលោកចង់បានវាជាយូរមកហើយ។.jpg)
នៅក្នុងលិខិតនោះ លោក Trump បានសរសេរថា “ដោយមើលទៅឃើញថាប្រទេសន័រវេររបស់អ្នកបានសម្រេចចិត្តមិនផ្តល់ឱ្យខ្ញុំនូវរង្វាន់ណូបែលសន្តិភាពសម្រាប់ការបញ្ឈប់សង្គ្រាមចំនួន ៨ ឬអាចលើសនេះ, ខ្ញុំលែងមានអារម្មណ៍ថាខ្ញុំត្រូវបំពេញកាតព្វកិច្ចសន្តិភាពសុទ្ធសាធទៀតហើយ បើទោះបីវាជារឿងចាំបាច់ក៏ដោយ។ ដូច្នេះឥឡូវនេះ ខ្ញុំនឹងគិតគូរតែពីផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកតែមួយគត់”។

លោកក៏បញ្ជាក់ឡើងវិញអំពីគោលបំណងចង់គ្រប់គ្រងកោះហ្គ្រីនលែនដែលជាដែនដីពាក់កណ្ដាលស្វយ័តរបស់ប្រទេសដាណឺម៉ាកផងដែរ។ លោកអះអាងថា ដាណឺម៉ាក មិនអាចការពារកោះនេះទល់នឹងការវាតទីរបស់ចិន និងរុស្ស៊ីបានឡើយ ហើយក៏គ្មានឯកសារបញ្ជាក់ជាលាយលក្ខណ៍អក្សរថា កោះនេះគឺជារបស់ដាណឺម៉ាកដែរ ហើយហេតុអ្វីបានជាពួកគេមាន ‘សិទ្ធិជាម្ចាស់’?
គួរជម្រាបថា ហ្គ្រីនឡែន ដែលជាកោះអាកទិកដ៏ធំល្វឹងល្វើយមួយ ត្រូវបានបញ្ចូលទៅក្នុងប្រទេសដាណឺម៉ាកក្នុងឆ្នាំ 1953 ដែលជាផ្នែកមួយនៃចលនារំដោះអាណានិគមពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី 2។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក តែងតែបង្ហាញពីមហិច្ចតាចង់បានកោះនេះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយអះអាងថា ពិភពលោកនឹងមិនមានសុវត្ថិភាពនោះទេ លុះត្រាតែអាមេរិកមានការគ្រប់គ្រងទាំងស្រុងនិងពេញលេញទៅលើតំបន់កោះ ហ្គ្រីនឡែន នេះ»៕










