បរទេស៖ អ័ព្ទ និងអ័ព្ទផ្សែង គឺជាបាតុភូតបរិយាកាសពីរយ៉ាងដែលមើលទៅស្រដៀងគ្នា ប៉ុន្តែមានភាពខុសគ្នាជាមូលដ្ឋានទាំងសមាសភាព និងឥទ្ធិពលទៅលើបរិស្ថានជុំវិញ។ ការយល់ដឹងពីភាពខុសគ្នានេះមានសារៈសំខាន់ណាស់សម្រាប់ការបកស្រាយការព្យាករណ៍អាកាសធាតុ និងការប្រុងប្រយ័ត្នផ្សេងៗ។.jpg)
អ័ព្ទ គឺជាពពកដែលកើតឡើងនៅជិតផ្ទៃដី។ វាត្រូវបានបង្កើតឡើងដោយដំណក់ទឹកតូចៗរាប់លាន ដែលរសាត់អណ្ដែតនៅក្នុងខ្យល់។ នៅពេលដែលអ្នកដើរឆ្លងកាត់អ័ព្ទ អ្នកនឹងមានអារម្មណ៍ថាខ្យល់សើម ឬត្រជាក់។ វាកើតឡើងនៅពេលដែលខ្យល់ត្រជាក់ចុះដល់ចំណុចទឹកសន្សើម ឬនៅពេលដែលមានសំណើមគ្រប់គ្រាន់ចូលក្នុងខ្យល់រហូតដល់វាឆ្អែត។ នេះជាមូលហេតុដែលយើងតែងឃើញអ័ព្ទនៅពេលព្រឹកព្រលឹម ក្បែរបឹង ឬក្រោយពេលភ្លៀង។ ភាគច្រើនវាមិនមានផលអាក្រក់ដល់សុខភាពឡើយ ប៉ុន្តែអាចប៉ះពាល់ដល់សុវតិ្តភាពចរាចរណ៍។.jpg)
ផ្ទុយមកវិញ អ័ព្ទផ្សែង ត្រូវបានបង្កើតឡើងដោយភាគល្អិតស្ងួតតូចៗដែលរសាត់អណ្ដែតនៅក្នុងបរិយាកាស។ ភាគល្អិតទាំងនេះអាចជាធូលីដី ផ្សែងយានយន្ត ឧស្ម័នចេញពីរោងចក្រ ការដុតសម្រាម និងភ្លើងឆេះព្រៃជាដើម។ មិនដូចអ័ព្ទធម្មតា អ័ព្ទផ្សែង មិនមានសំណើមនោះទេ ព្រោះវាគ្មានសមាសធាតុផ្សំជាទឹក។ វាកាត់បន្ថយការមើលឃើញរយៈពេលយូរ ជាពិសេសនៅតាមទីប្រជុំជន និងតាមតំបន់ឧស្សាហកម្ម ហើយភាគច្រើនមានពណ៌ត្នោត លឿង ឬប្រផេះ។ 
លក្ខណៈខុសគ្នាមួយទៀតគឺ សមាសធាតុ។ អ័ព្ទមានសមាសធាតុចម្បងគឺជាទឹក ខណៈអ័ព្ទផ្សែង កើតចេញធូលីកខ្វក់ ឬផ្សែងពុល។ សារធាតុគីមីពុលក្នុងអ័ព្ទផ្សែងទាំងនេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដូចជា ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺបេះដូង និងមហារីក ប្រសិនបើប៉ះពាល់រយៈពេលវែង។ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយងាយរងគ្រោះជាងគេ។
ខុសពីអ័ព្ទ ដែលនឹងរសាត់បាត់នៅពេលព្រះអាទិត្យឡើងកម្ដៅ អ័ព្ទផ្សែងស្ថិតនៅក្នុងបរិយាកាសរយៈពេលយូរច្រើនថ្ងៃ ប្រសិនបើគ្មានខ្យល់ ឬភ្លៀងធ្លាក់ ជួយបណ្ដេញវាចេញពីបរិយាកាសទេនោះ។
សរុបមក រាប់ចាប់ពីសមាសធាតុ រយៈពេល និងផលប៉ះពាល់ អ័ព្ទ និងអ័ព្ទផ្សែងគឺមានភាពខុសគ្នាគួរឲ្យកត់សម្គាល់ ដោយអ័ព្ទផ្សែងមានផលប៉ះពាល់ខ្លាំងជាង ព្រោះវាបង្ករឡើងដោយសកម្មភាពបំពុលបរិស្ថានរបស់មនុស្ស។ ហេតុនេះការយល់ដឹងអំពីភាពខុសគ្នានេះ អាចជួយឲ្យយើងចេះការពារខ្លូន និងមានវិធានការទប់ស្កាត់សកម្មភាពណាដែលធ្វើឲ្យមានការបំពុលបរិស្ថាន ដើម្បីធានានូវសុខសុវត្តិភាព និងបរិយាកាសបរិសុទ្ធ៕.jpg)










