តារាសម្តែងហុងកុង Siu-Lung Leung (Bruce Leung) ឬទស្សនិកជនស្គាល់ថាជាតាក្បាលដែកក្នុងរឿង «អ្នកលេងពូថៅហោះទិនហ្វី» បានទទួលមរណភាពក្នុងអាយុ ៧៧ ឆ្នាំ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុកមានការសោកស្តាយយ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន St Headline នៅថ្ងៃទី១៨ ខែមករា លោក Siu-Lung បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមករា ហើយក្រុមគ្រួសាររបស់លោកមានគម្រោងធ្វើពិធីបុណ្យសពឯកជនមួយនៅថ្ងៃទី២៦ ខែមករា នៅទីក្រុង Shenzhen ប្រទេសចិន។ បើតាមអ្នកនាំពាក្យរបស់សមាគមអ្នកផលិតខ្សែភាពយន្តហុងកុងបាននិយាយថា លោកបានស្លាប់ដោយសារជំងឺខ្សោយបេះដូង។ មួយសប្តាហ៍មុនពេលលោកចែកឋាន គណនី Douyin របស់ លោក Siu-Lung បានបង្ហោះវីដេអូជាច្រើនរបស់គាត់កំពុងសម្តែងក្បាច់គុន និងជជែកជាមួយអ្នកគាំទ្រ។ មួយថ្ងៃមុនពេលលោកស្លាប់ លោកបានចេញទៅញ៉ាំស៊ុបជាមួយមិត្តភក្តិ។
នៅលើ Weibo តារាសម្ដែងឈិនឡុង (Jackie Chan) បានបង្ហោះរូបភាពជាមួយ លោក Siu-Lung ដោយនិយាយថាគាត់មិនអាចជឿថាមិត្តរួមការងាររបស់គាត់លែងនៅជាមួយគាត់ទៀតហើយ។ ក្រៅពីឈិនឡុង ទិនហ្វី (Stephen Chow) ក៏បានបង្ហោះរូបលោក Siu-Lung និងចូលរួមរំលែកទុក្ខចំពោះការចាកចេញរបស់តាក្បាលដែកដូចគ្នា។.png)
កើតនៅឆ្នាំ ១៩៤៨ នៅទីក្រុងហុងកុង លោក Siu-lung បានចាប់ផ្តើមសិក្សាក្បាច់គុនតាំងពីអាយុ ១៥ ឆ្នាំ ហើយក្រោយមកបានធ្វើការជាអ្នកសម្តែងជំនួស។ នៅក្នុងវិស័យភាពយន្ត តារាសម្តែងរូបនេះបានបន្សល់ទុកនូវស្នាដៃជាច្រើន។ នៅក្នុងបទសម្ភាសន៍មួយក្នុងខែតុលា ឆ្នាំ២០២៥ សិល្បកររូបនេះបានបង្ហាញថា លោកជាម្ចាស់ក្រុមហ៊ុនផលិតកម្សាន្តមួយហើយកំពុងមមាញឹកជាមួយគម្រោងជាច្រើន។.png)
លោកគឺជាតារាសម្តែងក្បាច់គុនម្នាក់ក្នុងចំណោមតារាសម្តែងក្បាច់គុនដែលត្រូវបានអ្នកជំនាញ និងទស្សនិកជនគោរពយ៉ាងខ្លាំងចំពោះជំនាញប្រយុទ្ធជាក់ស្តែង និងរចនាប័ទ្មសម្ដែងរបស់លោក។ សិល្បកររូបនេះបានរៀបការពីរដង។ ភរិយាដំបូងរបស់លោកគឺអ្នកចម្រៀង Irene Ryder។ អ្នកទាំងពីរបានលែងលះគ្នានៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ហើយមានកូនស្រីម្នាក់ជាមួយគ្នា។ នៅឆ្នាំ ១៩៩៥ លោក Siu-lung បានរៀបការម្តងទៀតជាមួយអ្នកស្រី Xiang Song ដែលមានអាយុតិចជាងលោក ២០ឆ្នាំ។ អ្នកទាំងពីរមាន កូនប្រុសម្នាក់ និងកូនស្រីម្នាក់ជាចំណងដៃ៕










