(ភ្នំពេញ) ៖ អ្នកជំនាញផ្នែកច្បាប់អន្ដរជាតិយល់ឃើញថា ទង្វើស្នើសុំលើករពេលកិច្ចប្រជុំ JBC ជាមួយកម្ពុជាជាលើកទី២ ពីសំណាក់ភាគីថៃ ក្រោមហេតុផលរង់ចាំការរៀបចំគណៈរដ្ឋមន្រ្តីថ្មី គឺជាលេសនយោបាយពន្យាពេលការចរចា ដើម្បីប្រើយុទ្ធសាស្រ្តឈ្លានពានបែបស្ងាត់ៗ។.jpg)
យោងតាមប្រសាសន៍របស់លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញភូមិសាស្ដ្រនយោបាយនិងច្បាប់អន្ដរជាតិ បានបង្ហាញពីការយល់ឃើញចំពោះយុទ្ធសាស្ត្ររបស់ប្រទេសថៃ នៅពេលបច្ចុប្បន្ននេះថា មានលក្ខណៈស្មុគស្មាញ ដែលផ្តោតលើការពន្យារពេលកិច្ចចរចា ខណៈពេលដែលថៃបន្តពង្រឹងវត្តមាន និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅតាមតំបន់ព្រំដែន ដែលបានឈ្លានពាន និងដណ្ដើមទីតាំងឈរជើងពីកម្ពុជា។

តាមការកត់សម្គាល់របស់លោក ការបដិសេធមិនធ្វើកិច្ចប្រជុំបានរបស់ថៃនៅពេលនេះ គឺដោយសារតែ រដ្ឋាភិបាលបច្ចុប្បន្នពួកគេជារដ្ឋាភិបាលអន្តរកាល មិនអាចសម្រេចចិត្តលើបញ្ហាសំខាន់ៗបែបនេះបានទេ។ ទន្ទឹមនឹងការពន្យារពេលកិច្ចចរចា និងការប្រកាសថាខ្លួន មិនមានរដ្ឋាភិបាលសមស្រប សម្រាប់ការពិភាក្សាដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែភាគីថៃនៅតែបន្តសកម្មភាពយោធា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើតំបន់ដែលបានឈ្លានពានកម្ពុជា ដោយថៃបានអះអាងថាជាទឹកដីរបស់ខ្លួន។.jpg)
ជាមួយគ្នា យុទ្ធសាស្ត្រនេះអាចត្រូវបានគេមើលឃើញថា ជាការប្រើលេសនយោបាយផ្ទៃក្នុង (ការបោះឆ្នោត និងការប្តូររដ្ឋាភិបាល) ដើម្បីពន្យារពេលការចរចា ខណៈពេលដែលយោធាថៃបន្តបង្កើន អង្គភាពការពារការពិត តាមរយៈការសាងសង់ ការដាក់ទ័ព និងការគ្រប់គ្រងតំបន់ជាក់ស្តែង។ សកម្មភាពនេះបង្កើតស្ថានភាពដែល កម្ពុជាត្រូវរង់ចាំរដ្ឋាភិបាលថៃថ្មី ប៉ុន្តែភាគីថៃមានពេលវេលាគ្រប់គ្រាន់ក្នុងការពង្រឹងវត្តមានរបស់ខ្លួន ដែលអាចធ្វើឱ្យការចរចាពេលក្រោយកាន់តែពិបាក និងមានគុណសម្បត្តិសម្រាប់ថៃ។.jpg)
លោកបណ្ឌិតសង្កត់ធ្ងន់ថា៖«សរុបមកយុទ្ធសាស្ត្ររបស់សៀមនៅពេលនេះគឺ៖ បដិសេធមិនប្រជុំដោះស្រាយបញ្ហា ដោយប្រើហេតុផល “គ្មានរដ្ឋាភិបាលសមស្រប” ប៉ុន្តែមានសមត្ថភាព និងពេលវេលាគ្រប់គ្រាន់ក្នុងការសាងសង់ ដាក់របង និងរក្សាការគ្រប់គ្រងតំបន់ជម្លោះ ។ នេះអាចចាត់ទុកជាយុទ្ធសាស្ត្រឈ្លានពានបែប “ស្ងាត់ៗ” (creeping encroachment) ដែលបង្កើនការពិតនៅលើដី មុនពេលមានកិច្ចចរចាផ្លូវការ ដើម្បីបង្កើតគុណសម្បត្តិក្នុងការចរចាពេលអនាគត»។
.jpg)
ស្ថានភាពនេះបង្ហាញពីភាពមិនស្មើភាពក្នុងការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី ព្រោះខណៈពេលដែលកម្ពុជាជំរុញឱ្យមានកិច្ចប្រជុំ និងការងារបច្ចេកទេសរួមគ្នា ភាគីថៃជ្រើសរើសផ្លូវនៃការពន្យារពេល និងការពង្រឹងវត្តមានយោធា។ នេះអាចនាំឱ្យមានភាពតានតឹងបន្ត បើសិនជាមិនមានការជ្រៀតជ្រែកពីភាគីទីបី ឬការផ្លាស់ប្តូរជំហរពីភាគីពាក់ព័ន្ធទាំងពីរ។
គួរបញ្ជាក់ថា ក្រោយថៃស្នើលើកពេលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកJBC កម្ពុជា-ថៃ ភាគីកម្ពុជាបានស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា៕










