ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា កោះហ្គ្រីនឡែន (Greenland) ពិតជាសំខាន់សម្រាប់ការបង្កើត Golden Dome ជាប្រព័ន្ធការពារមីស៊ីល និងបង្កើនសមត្ថភាពកងទ័ព ។ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គួរមានតួនាទីសំខាន់ក្នុងការជួយឱ្យសហរដ្ឋអាមេរិកអាចគ្រប់គ្រងកោះនេះ អង្គការ NATO នឹងកាន់តែមានប្រសិទ្ធភាព និងគួរឱ្យកោតក្រែង បើកោះហ្គ្រីនឡែនស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។

កាលពីដើមឆ្នាំ២០២៥ លោកប្រធានាធិបតី Trump បានប្រកាសពីគម្រោងផលិត Golden Dome ជាប្រព័ន្ធការពារមីស៊ីល ដែលគេរំពឹងថា ប្រព័ន្ធនេះនឹងមានឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងយានអវកាស និងអាវុធសម្រាប់វាយប្រហារសត្រូវ មុនពេលសត្រូវធ្វើសកម្មភាព ប៉ុន្តែត្រូវការប្រាក់ប្រមាណជាង៥សែនលានដុល្លារអាមេរិក និងចំណាយពេលផលិតរហូតដល់២០ឆ្នាំ ទើបរួចរាល់ ។

ចំណែករដ្ឋាភិបាលដាណឺម៉ាកបានបញ្ជូនមេបញ្ជាការកងទ័ពរបស់ខ្លួនទៅប្រចាំការនៅកោះហ្គ្រីនឡែន ដើម្បីត្រៀមសហការជាមួយកងទ័ពបញ្ជូនពីបណ្តាប្រទេសសម្ព័ន្ធមិត្ត ។ សម្ព័ន្ធមិត្តនានារបស់ដាណឺម៉ាក បានបង្ហាញក្តីរីករាយក្នុងការបញ្ជូនកងទ័ពមកកោះហ្គ្រីនឡែន ដែលជាសញ្ញាប្រកាសទៅមហាអំណាចអាមេរិកដែលចង់គ្រប់គ្រងកោះ ។

នៅថ្ងៃទី១៦ ខែមករា កងទ័ពបារាំងបានធ្វើដំណើរមកដល់ទីក្រុង Nuuk របស់កោះហ្គ្រីនឡែនបន្ទាប់ពីការបញ្ជូនកងទ័ពដាណឺម៉ាក ខណៈប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុប រួមមាន ៖ អាល្លឺម៉ង់ ស៊ុយអែត ន័រវេស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស ចាប់ផ្តើមបញ្ជូនកងទ័ពមកកោះនេះជាបន្តបន្ទាប់ដើម្បីចូលរួមភារកិច្ចល្បាតរួមគ្នា ។

បើតាមអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt ប្រទេសនានានៅអឺរ៉ុបបញ្ជូនកងទ័ពមកកោះហ្គ្រីនឡែន នឹងមិនធ្វើឱ្យលោកប្រធានាធិបតី Trump ផ្លាស់ប្តូរចិត្តក្នុងការគ្រប់គ្រងកោះទេ ពីព្រោះលោកជឿថា កោះជាប្រយោជន៍សម្រាប់សន្តិសុខអាមេរិកខ្លាំងបំផុត ។ រីឯការចរចារវាងអាមេរិកជាមួយមន្ត្រីដាណឺម៉ាក និងកោះហ្គ្រីនឡែន គឺមានប្រសិទ្ធភាព ដោយភាគីទាំងអស់បានឯកភាពបង្កើតក្រុមការងារបន្តការចរចាបច្ចេកទេស ។

កាលពីឆ្នាំ២០១៩ លោកប្រធានាធិបតី Trump ចង់ទិញកោះហ្គ្រីនឡែនម្តងហើយ ប៉ុន្តែត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និងនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែនបដិសេធ ដោយអះអាងថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ឱ្យអាមេរិកទេ ទើបលោក Trump មិនពេញចិត្ត ក៏លុបចោលដំណើរទស្សនកិច្ចទៅប្រទេសដាណឺម៉ាកនាពេលនោះ ។ នៅឆ្នាំ២០២៦ លោកថា អាមេរិកត្រូវតែគ្រប់គ្រងកោះនេះដើម្បីសន្តិសុខជាតិ និងការពារកុំឱ្យចិន-រុស្ស៊ីគ្រប់គ្រងនាថ្ងៃអនាគត ដោយអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់ បើការចរចាទិញកោះមិនជោគជ័យ ។

កំណប់ទ្រព្យដ៏ធំសម្បើមរបស់កោះហ្គ្រីនឡែន គឺធនធានធម្មជាតិ! កោះនេះសម្បូររ៉ែមានតម្លៃជាច្រើនប្រភេទ ដូចជា ៖ រ៉ែស័ង្កសី មាសក្រហម ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ដែលងាយស្រួលរុករកដោយសារផ្ទាំងទឹកកករលាយ ។ កោះនេះថែមទាំងមានរ៉ែកម្រ (Rare Earth) ដែលចាំបាច់សម្រាប់ការផលិតថ្មរថយន្តអគ្គិសនី បន្ទះឈីប បច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យាផ្នែកយោធា ដែលបច្ចុប្បន្ន អាមេរិកបាននាំចូលរ៉ែកម្រច្រើនពីចិន ទើបអាមេរិកចង់កាន់កាប់កោះដើម្បីកាត់បន្ថយការនាំចូលរ៉ែកម្រចិន ៕