តារាចម្រៀងដ៏មានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈ មាស សុខសោភា បានបង្ហាញប្រាប់ទស្សនិកជនថាបន្ទាប់ពីទំនេរពីការងាររូបអ្នកនាងជ្រើសរើសមកសមាធិដើម្បីសុំសិរីសួស្តី។ នេះបើយោងទៅតាមវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកកាលពីពេលថ្មីៗនេះ។
នៅក្នុងវីដេអូនោះដែរអ្នកនាង មាស សុខសោភា បានស្លៀកឈុតពណ៌សជាមួយនឹងការបរិយាយទៅកាន់មហាជនថា ទំនេរពីការងាររូបខ្លួនមកសមាធិដើម្បីសុំសិរីសួស្តីពីព្រះគ្រប់ព្រះអង្គឱ្យមកជួយបីបាច់ថែរក្សាសំបកកាយរបស់ខ្លួនឱ្យមានភាពជ្រះថ្លានិងទទួលបានបុណ្យកុសល។ ជាមួយនឹងការបង្ហាញទម្លាប់ចូលចិត្តសមាធិបន្ទាប់ពីទំនេរការងារតារាចម្រៀងរូបនេះក៏បានផ្តាំផ្ញើឱ្យមហាជនដទៃទៀតចូលរួមធ្វើបែបនេះទាំងអស់គ្នា។
ចំពោះការលើកឡើងរបស់តារាចម្រៀង មាស សុខសោភា ខាងលើនេះអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិចម្រុះមកកាន់រូបនាង ហើយនេះក៏មិនមែនជាលើកដំបូងផងដែរសម្រាប់ មាស សុខសោភា ចាប់តាំងមានជីវិតឯកជនដ៏ច្របូកច្របល់។ អ្នកមួយចំនួនហាក់នៅតែមិនចិត្តចំពោះសកម្មភាពរបស់តារាចម្រៀងរូបនេះដោយនៅតែបន្តមានមតិរិះគន់ឥតឈប់ ដោយឡែកមតិមួយចំនួនទៀតថាការលើកឡើងរបស់អ្នកនាង មាស សុខសោភា មិនខុសនោះទេដែលគ្រាន់តែមកសមាធិដើម្បីសន្តិភាពផ្លូវចិត្ត។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមករា តារាចម្រៀង មាស សុខសោភា ទើបតែចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា «គ្មានបងជីវិតអូននិរាករ»៕










