បាងកក ៖ បេក្ខជននាយករដ្ឋមន្ត្រីថៃម្នាក់ កំពុងបង្កឱ្យមានការជជែកវែកញែកយ៉ាងទូលំទូលាយ បន្ទាប់ពីបានស្នើដាក់ចេញនូវគោលនយោបាយមួយ ដែលអនុញ្ញាតឱ្យស្ត្រីថៃអាចមានស្វាមីរហូតដល់បួននាក់ ដោយស្របច្បាប់ ដើម្បីរក្សាសមភាពយេនឌ័រនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយកាសែត Khaosod។
លោក Mongkolkit Suksintharanont បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សជម្រើសថៃ បាននិយាយនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយកាលពីថ្មីៗនេះថា “ទាក់ទងនឹងសមភាពយេនឌ័រ ឬភាពមានសិទ្ធិស្មើគ្នា ស្ត្រីគួរតែត្រូវបានអនុញ្ញាតឱ្យមានស្វាមីមិនលើសពីបួននាក់ ប្រសិនបើភាគីទាំងអស់ព្រមនទទួលយកគ្នាទៅវិញទៅមក”។ 
សំណើនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត ដោយអ្នកប្រើប្រាស់កំពុងជជែកវែកញែកថាតើវាឆ្លុះបញ្ចាំងពីការគិតបែបជឿនលឿន, ជាគោលនយោបាយលេងសើច ឬការប៉ុនប៉ងដោយចេតនាដើម្បីញុះញង់ឲ្យមានការពិភាក្សា។ .jpg)
តាមការកត់សម្គាល់របស់សាធារណជននៅក្នុងប្រទេសថៃ នេះមិនមែនទើបលើកទី១ឡើយ ដែលលោក Mongkolkit ដាក់ចេញគោលនយោបាយប្លែកខុសគេឯងបែបនេះ។ កន្លងមក បេក្ខភាពនាយករដ្ឋមន្រ្តីថៃរូបនេះ ធ្លាប់ស្នើឲ្យបង្កើត «កងកម្លាំងអវកាស» សម្រាប់ប្រទេសថៃ, ផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់ដល់ស្ត្រីដែលមានផ្ទៃពោះដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ, ការកំណត់ឲ្យពលរដ្ឋក្នុងវ័យធ្វើការ ត្រូវហាត់ប្រាណប្រចាំថ្ងៃជាថ្នូរនឹងការឡើងប្រាក់បៀវត្សរ៍ និងការពង្រឹងវិស័យយោធា រួមទាំងលទ្ធភាពនៃការទិញយកអាវុធនុយក្លេអ៊ែរជាដើម។
ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់បានច្រានចោលគំនិតនេះដោយអះអាងថា វាជារឿងមិនសមរម្យផ្នែកវប្បធម៌ ដោយព្រមានថាវាអាចមានជម្លោះជាមួយក្របខ័ណ្ឌច្បាប់ និងតម្លៃស្ដ្រីនៅក្នុងសង្គមរបស់ប្រទេសថៃ។ .jpg)
សរុបមកសំណើនេះមិនទាន់ត្រូវបានអនុម័តជាច្បាប់នៅឡើយទេ ប៉ុន្តែវាទទួលបានជោគជ័យក្នុងការទាក់ទាញការចាប់អារម្មណ៍ទៅលើការពិភាក្សាកាន់តែទូលំទូលាយអំពីសមភាពយេនឌ័រ សិទ្ធិអាពាហ៍ពិពាហ៍ និងកំណែទម្រង់ច្បាប់នៅក្នុងប្រទេសថៃ ខណៈអ្នកមួយចំនួនក៏បានបង្ហាញការគាំទ្រចំពោះគោលនយោបាយនេះផងដែរ៕










