សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសយកពន្ធទំនិញប្រទេសទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ស្មើ២៥% ដើម្បីប្រឆាំងនឹងមេដឹកនាំផ្តាច់ការអ៊ីរ៉ង់ ហើយអត្រាពន្ធនឹងអនុវត្តភ្លាមៗ ។ ការប្រកាសនេះកើតឡើងបន្ទាប់ពីអាមេរិកគំ.រាមវាយប្រ.ហារអ៊ីរ៉ង់ដែលសម្លា.ប់ក្រុមបាតុករកើនឡើងរហូតដល់ជាង៥០០នាក់ លោក Trump ថ្លែងថា អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការជួយអន្តរាគមន៍ ។.jpg)
ការប្រកាសរបស់ប្រធានាធិបតីអាមេរិកជាការដាក់សម្ពាធអ៊ីរ៉ង់ ខណៈពលរដ្ឋអ៊ីរ៉ង់បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាង២សប្តាហ៍ ដោយសារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ ។ លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា ប្រទេសណាក៏ដោយដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ អាមេរិកនឹងយកពន្ធ២៥% សម្រាប់គ្រប់មុខទំនិញនាំចូលអាមេរិក អត្រាពន្ធនឹងអនុវត្តភ្លាមៗ ប៉ុន្តែលោកមិនបាននិយាយលម្អិតពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ទេ ។
អាមេរិកយកពន្ធក្នុងគោលដៅដាក់សម្ពាធប្រទេសមួយចំនួនដែលជាដៃគូពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ រួមមាន ៖ ចិន អ៊ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម (UAE) តួកគី និងឥណ្ឌា ។ លោកប្រធានាធិបតី Trump ធ្លាប់ព្រមានប្រើប្រាស់កម្លាំងទ័ព បើមេដឹកនាំអ៊ីរ៉ង់នៅតែសម្លាប់ក្រុមបាតុករ ដោយអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt និយាយថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាបញ្ជូនកងទ័ពទៅវាយប្រហារអ៊ីរ៉ង់តាមផ្លូវអាកាស ។

ការធ្វើបាតុកម្មនៅអ៊ីរ៉ង់ចាប់ផ្តើមតាំងពីចុងខែធ្នូ ឆ្នាំ២០២៥ ដោយសារក្រុមបាតុករខឹងសម្បារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយការធ្វើបាតុកម្មបានរីករាលដាលកាន់តែច្រើនកន្លែងប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ កាលពីថ្ងៃទី២៨ ខែធ្នូ អាជីវករនៅទីក្រុងតេហេរ៉ង់ បានប្រមូលគ្នាតវ៉ាប្រឆាំងមេដឹកនាំ ដោយសារប្រាក់អ៊ីរ៉ង់ធ្លាក់ចុះខ្លាំងក្នុងប្រវត្តិសាស្ត្រ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ខណៈអតិផរណាកើនឡើងជាង៤០% ដែលធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើង ដូចជា ៖ ប្រេងសណ្តែក និងសាច់សត្វ ។
ទីភ្នាក់ងារព័ត៌មានសិទ្ធិមនុស្ស (HRANA) បានបង្ហាញចំនួនក្រុមបាតុករស្លាប់កើនឡើងដល់ជាង៥០០នាក់ និងសន្តិសុខស្លាប់ ៤៨នាក់ ខណៈប្រភពព័ត៌មានផ្សេងទៀតថា ក្រុមបាតុករស្លាប់ដោយសារការបង្ក្រាបពីរដ្ឋាភិបាលកើនឡើងខ្ពស់ជាងនេះ និងមានក្រុមបាតុកររាប់ពាន់នាក់ត្រូវចាប់ខ្លួន ។ ការផ្តាច់សេវាអ៊ីនធើរណេតតាំងពីថ្ងៃទី៨ ខែមករា ដែលធ្វើឱ្យពិបាកត្រួតពិនិត្យចំនួនមនុស្សស្លាប់ពិតប្រាកដ ហើយសារព័ត៌មានបរទេសជាច្រើនមិនអាចរាយការណ៍ព័ត៌មានចេញពីប្រទេសអ៊ីរ៉ង់បានទេ ។
លោកប្រធានាធិបតី Trump និយាយជាញឹកញាប់អាមេរិកនឹងជួយអន្តរាគមន៍ភ្លាមៗបើមានការសម្លាប់បាតុករបន្ថែម ដោយលោកបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ពលរដ្ឋអ៊ីរ៉ង់កំពុងស្វែងរកសន្តិភាព ការតវ៉ាប្រឆាំងអាចនឹងខ្លាំងក្លាជាងពេលណាៗទាំងអស់ដែលធ្លាប់កើតឡើងនៅអ៊ីរ៉ង់ ។ អាមេរិកកំពុងពិចារណាវាយប្រហារផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែរ និងគោលដៅផ្សេងៗនៅទីក្រុងតេហេរ៉ង់ ដើម្បីដាក់សម្ពាធរដ្ឋាភិបាលលោក Khamenei ៕










