ប្រទេសជប៉ុន ៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនអាចនឹងសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតសកលមុនពេលកំណត់ ខណៈសារព័ត៌មានជប៉ុនចុះផ្សាយពីបោះឆ្នោតនៅជប៉ុនអាចនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ ប៉ុន្តែលោកស្រីមិនបាននិយាយលម្អិតពីការសម្រេចចិត្តនេះទេ និងថា ផ្តោតសំខាន់លើការអនុម័តថវិកាដើម្បីឱ្យវិធានការជំរុញសេដ្ឋកិច្ចអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាទាន់ពេលវេលា ។
លោក Hirofumi Yoshimura ប្រធានគណបក្សជប៉ុនច្នៃប្រឌិតដែលបានចូលរួមបង្កើតរដ្ឋាភិបាល និយាយមកកាន់ស្ថានីយទូរទស្សន៍ NHK កាលពីថ្ងៃទី១១ ខែមករា ថា លោកបានជួបជាមួយលោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៩ ខែមករា គឺគោលជំហរចំពោះពេលវេលារៀបចំការបោះឆ្នោតរបស់លោកស្រីបានផ្លាស់ប្តូរយ៉ាងខ្លាំង វាមិនចម្លែកទេ បើលោកស្រីបោះឆ្នោតមុនពេលកំណត់ដូចការចុះផ្សាយរបស់សារព័ត៌មាន ។
កាសែតជប៉ុនបានចុះផ្សាយដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា នាយករដ្ឋមន្ត្រីជប៉ុនកំពុងពិចារណាពីការរៀបចំបោះឆ្នោតជាបន្ទាន់ នៅថ្ងៃទី៨ ឬថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្តែលោក Yoshimura ប្រធានគណបក្សជប៉ុនច្នៃប្រឌិត មិនបានពិភាក្សាពីថ្ងៃបោះឆ្នោតច្បាស់លាស់ជាមួយលោកស្រី Takaichi ទេ ។.png)
លោកស្រី Takaichi ជានាយករដ្ឋមន្ត្រីស្រីដំបូងរបស់ជប៉ុន ដែលមានគោលនយោបាយអភិរក្សនិយមយ៉ាងខ្លាំងបានបដិសេធប្រាប់កាលបរិច្ឆេទច្បាស់លាស់ពីការរំលាយសភា ក្នុងពេលផ្តល់សម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NHK ។ លោកស្រីគ្រាន់តែថ្លែងថា ពេលនេះ ផ្តោតសំខាន់លើការអនុម័តថវិកាដើម្បីឱ្យវិធានការជំរុញសេដ្ឋកិច្ចអាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាទាន់ពេលវេលា ។
ចំណែកគណបក្សប្រឆាំងបានបង្ហាញក្តីបារម្ភរបស់ខ្លួន ប្រសិនបើមានការបោះឆ្នោតនៅខែកុម្ភៈខាងមុខ នឹងធ្វើឱ្យការអនុម័តថវិកានៅចុងខែមីនា មិនអាចទៅរួច ។ លោក Tetsuo Saito ប្រធានគណបក្សប្រឆាំងថា គួរឱ្យភ្ញាក់ផ្អើលណាស់ដែលនាយករដ្ឋមន្ត្រីជប៉ុនគ្រោងរំលាយសភាពេលរដ្ឋសភាបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមករា ស្របពេលសេដ្ឋកិច្ចជប៉ុនស្ថិតក្នុងដំណាក់កាលសំខាន់ ។
តាមការលើកឡើងរបស់អ្នកវិភាគ ការបោះឆ្នោតមុនពេលកំណត់នៅប្រទេសជប៉ុនធ្វើឱ្យស្មុគស្មាញដល់ផែនការចំណាយថវិកា ចំនួន ៧៨ម៉ឺន ៣ពាន់លានដុល្លារអាមេរិក ដែលជាថវិកាដំបូងរបស់លោកស្រី Takaichi ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងអាចបង្ខំឱ្យរដ្ឋាភិបាលជប៉ុនត្រូវចំណាយថវិកាបណ្តោះអាសន្ន បើមិនអាចអនុម័តថវិកាទាន់ពេលវេលា ។
ទន្ទឹមនឹងនេះ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងជប៉ុន និងចិន នៅតែបង្កហានិភ័យដល់សេដ្ឋកិច្ចជប៉ុន បន្ទាប់ពីលោកស្រី Takaichi បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា បើចិនវាយប្រហារតៃវ៉ាន់ គឺជាការគំរាមកំហែងជប៉ុន ។ ការលើកឡើងបែបនេះធ្វើឱ្យរដ្ឋាភិបាលចិនឆ្លើយតបវិញដោយការចាត់វិធានការជាច្រើន រួមទាំងរឹតបន្តឹងការនាំចេញទំនិញមួយចំនួនមកជប៉ុន ៕










