សិល្បករ សិល្បការិនីជាច្រើនដែលចូលរួមកម្មវិធី «ខ្លឹមព្រះនគរ» ជាមួយនឹងការរៀបចំបែបប្រពៃណី វប្បធម៌បុរាណលាយសម័យសុទ្ធតែទទួលបាននូវការសរសើរ ប៉ុន្តែខុសគេតែម្នាក់ បណ្ឌិតច្នៃម៉ូត ឯម រៀម បានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់។ នេះក៏ជាលើកទី២សម្រាប់លោក ឯម រៀម ដែលចូលរួមកម្មវិធីរបស់តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស ត្រូវបានមហាជនរិះគន់។

កាលពីល្ងាចថ្ងៃទី១១ ខែមករា ព្រឹត្តិការណ៍ «ខ្លឹមព្រះនគរ» បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍មិនធម្មតាដោយកម្មវិធីនេះមានអត្ថប្រយោជន៍សម្រាប់ជាតិបង្ហាញពីវប្បធម៌ រួមទាំងបង្ហាញពីចោរសៀមឈ្លានពានធ្វើឱ្យពលរដ្ឋខ្មែររងទុក្ខ។ ទោះជាយ៉ាងណា សម្រាប់បណ្ឌិតច្នៃម៉ូត ឯម រៀម ដែលរៀនចប់មកពីស្រុកបារាំងដែលមានការច្នៃម៉ូតមិនឱ្យជាន់អ្នកណាស្រាប់តែធ្វើឱ្យមហាជនរិះគន់ម្តងទៀតនៅពេលចូលរួមកម្មវិធីស្លៀកឈុត «រាជននីកន្ទេល»។
ឈុតនេះលោក ឯម រៀម មានការច្នៃប្រឌិតជាមួយនឹងភាពស៊ិចស៊ីបញ្ជូលជាមួយនឹងកន្ទេលត្បាតដោយដៃមានទាំងមកុដមកជាមួយផង។ ប៉ុន្តែយ៉ាងណា មកុដរបស់លោកត្រូវបានមហាជនរិះគន់និងចាត់ទុកថាមិនសមរម្យដែលបង្ហាញរូបភាពដូចជាប្រដាប់ភេទបុរសធ្វើជាមកុដនៅលើក្បាល។ ទន្ទឹមនឹងមានការរិះគន់មានគណនីបណ្តាញសង្គមមួយបានបញ្ចេញមតិបកស្រាយដោយបញ្ជាក់ថាមកុដរបស់លោក ឯម រៀម គឺបង្ហាញពី ត្រីបុរ័ម្យ គឺជាយក្សដែលគោរព្វទៅលើព្រះឥសូរ និងយកលិង្គឥសូរមកដាក់លើក្បាលដើម្បីជាការគោរនិងបូជាទៅព្រះឥសូរ។
នេះជាលើកទី២ហើយដែលលោក ឯម រៀម ចូលរួមកម្មវិធីរបស់តារាចម្រៀងជី ដេវីត និង ទេព បូព្រឹក្ស រងការរិះគន់ពីមហាជននៅពេលកម្មវិធីស្លៀកឈុតបង្ហាញពីវប្បធម៌ខ្មែរ។ គេចាំបានថាពីខែឧសភា ឆ្នាំ២០២៤ នៅពេលចូលរួមសម្ពោធបទ «ទេវរាជ« របស់តារាចម្រៀង ទេព បូព្រឹក្ស អ្នកច្នៃម៉ូត ឯម រៀម បានស្លៀកឈុតរាជិនី AI គ្រឿងអេឡិចត្រូនិក បានធ្វើឱ្យមហាជនរិះគន់។ ជាពិសេសទស្សនិកជនមានការខឹងសម្បារនោះគឺរូបភាពដែលលោក ឯម រៀម ឈរថតដែលមានផ្ទៃខាងក្រោយជារូបប្រាសាទអង្គរវត្ត៕










