(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ច្រើនគ្រឿងហោះរំលោ.ភចូលមកក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និង កោះកុង នៅចន្លោះពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមករា។
បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពក្រោយបទឈប់បា.ញ់រវាងកម្ពុជា-ថៃ កិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី៥ មករា បានប្រទះឃើញដ្រូនស៊ើបការណ៍របស់យោធាថៃចំនួន ១គ្រឿង បានរំលោ.ភចូលទឹកដីកម្ពុជានៅភូមិសាស្រ្តខេត្តពោធិ៍សាត់ និង១គ្រឿងទៀត នៅច្រកទ្វាព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។
ដូចគ្នានេះដែរ នៅយប់ថ្ងៃទី៦ ខែមករា យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន ១គ្រឿង ហោះចេញពីមុខភូមិសាស្រ្តច្រកផ្លូវ៥៦ និង២គ្រឿងផ្សេងទៀត ហោះកាត់ភូមិសាស្រ្តអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។
ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងជនភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន។
ក្រសួងមហាផ្ទៃប្រកាសប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំង ប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅ កំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧។ ការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការ បង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ៕
.jpg)










