ប្រទេសចិន ៖ ចិនចង់ឃើញកម្ពុជានិងថៃអាចបង្កើនទំនាក់ទំនងល្អឡើងវិញនាថ្ងៃអនាគត ហើយចិនរីករាយនៅពេលឃើញប្រទេសទាំងពីរអនុវត្តបទឈប់បា.ញ់បន្តិចម្តងៗ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដែលជាការឆ្លើយតបសំណួរពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃបច្ចុប្បន្ន ក្នុងអំឡុងពេលអ្នកនាំពាក្យរូបនេះរាយការណ៍ព័ត៌មានប្រចាំថ្ងៃ ។

ពេលរាយការណ៍ព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃទី៥ ខែមករា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ចិនសង្ឃឹមកម្ពុជា និងថៃ នឹងសម្លឹងមើលទៅថ្ងៃអនាគត និងឈានឆ្ពោះទៅមុខ, ពង្រឹងការចរចា និងទំនាក់ទំនង ព្រមទាំងផ្តល់ទំនុកចិត្តលើបទឈប់បាញ់យ៉ាងពេញលេញ និងយូរអង្វែង ។ ប្រទេសទាំងពីរនឹងស្តារទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នាឡើងវិញបន្តិចម្តងៗ ។

ចិនក៏រីករាយផងដែរនៅពេលមើលឃើញប្រទេសទាំងពីរគោរពបទឈប់បាញ់ ហើយចិនរីករាយដែលវីរកងទ័ពកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួនដោយខុសច្បាប់ត្រូវបានដោះលែងត្រឡប់មកប្រទេសវិញយ៉ាងមានសុវត្ថិភាព កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បន្ទាប់ពីថៃគ្រប់គ្រងអស់រយៈពេល១៥៥ថ្ងៃ ។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបន្តថា នេះជាផលប្រយោជន៍មូលដ្ឋាន និងរយៈពេលយូរអង្វែងរបស់ពលរដ្ឋកម្ពុជា-ថៃ ហើយជាអ្វីដែលសហគមន៍អន្តរជាតិចង់បាន ។ ចិននឹងបន្តអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក, អនុវត្តតាមទិសដៅដែលបានបង្កើតឡើងដោយប្រទេសទាំង៣ ក្នុងកិច្ចប្រជុំត្រីភាគី និងសម្របសម្រួលខិតខំប្រឹងប្រែងរបស់ប្រទសទាំងពីរនៅតំបន់អាស៊ី ដើម្បីសម្រេចគោលដៅឈប់បាញ់យូរអង្វែងជំរុញដល់ទំនាក់ទំនងកាន់តែល្អប្រសើរ ។ ចិនបានរួមចំណែកជំរុញសន្តិភាព សន្តិសុខក្នុងតំបន់ ក៏ដូចជាបង្កើតសហគមន៍មានអនាគតរួមគ្នាជាមួយប្រទេសជិតខាង ។

គួរបញ្ជាក់ថា ក្រៅពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក បានជួយសម្របសម្រួលឱ្យកម្ពុជា-ថៃអនុវត្តបទឈប់បាញ់, ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ មហាអំណាចចិនក៏បានជួយសម្របសម្រួលដោះស្រាយជម្លោះរវាងកម្ពុជា-ថៃផងដែរ ។ ចិនបានអំពាវនាវជាបន្តបន្ទាប់ឱ្យថៃបញ្ឈប់ការធ្វើសង្គ្រាមឈ្លានពានកម្ពុជាជាបន្ទាន់ ជាពិសេស ចិនបានជួយអន្តរាគមន៍ពេលកងទ័ពថៃវាយប្រហារកម្ពុជា លើកទី២ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសទាំងពីរក៏ឈានទៅអនុវត្តបទឈប់បាញ់ ហើយចិនបានអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃទៅចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ-ចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ៕