តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្តែងការស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តក្រុមចម្រៀង K-Pop Nchive ដែលមិនរំសាយកម្មវិធីប្រគំតន្រ្តីរបស់ខ្លួនក្នុងពេលដែលប្រទេសកម្ពុជាប្រឈមនឹងការឈ្លានពានពីប្រទេសថៃ។ មិនត្រឹមតែមិនរំសាយប៉ុណ្ណោះទេប៉ុន្តែក្រុមចម្រៀងនេះថែមទាំងបេ្តជ្ញាចិត្តជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍និងសុខសុវត្ថិភាពកម្ពុជាទៀតផងដែលកត្តានេះហើយធ្វើឱ្យជនជាតិសៀមមួយចំនួនសម្តែងការខឹងសម្បារចំពោះ Nchive។.png)
តាមរយៈវីដេអូមួយដែលចែករំលែកនៅលើបណ្តាញសង្គមទិកតុកកាលពីពេលថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសើរទឹកចិត្តក្រុម Nchive ដែលស្ថានភាពនេះប្រសិនជាពួកគាត់ចង់លុបចោលកម្មវិធីក៏បានប៉ុន្តែ Nchive មិនលុបចោលនោះទេនៅតែផ្តល់ការចូលរួម។ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្តែងការសប្បាយចិត្តរីករាយនិងផ្តល់ភាពកក់ក្តៅទៅកាន់ Nchive ផងដែរ។ ពាក្យសម្តីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀងនេះសប្បាយចិត្តយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមចម្រៀង K-Pop Nchive បានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបើទោះបីជាពួកគេមកចំពេលប្រទេសខ្មែរ-ថៃមានការប៉ះទង្គិចគ្នាក្តីប៉ុន្តែពួកគេសម្រេចចិត្តមិនបោះបង់មិនមានការពន្យារពេលឬលុបចោលឡើយ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជាជ្រួលជ្រាបពេញបេះដូងនោះ Nchive បានបេ្តជ្ញាចិត្តជួយផ្សព្វផ្សាយដល់ពលរដ្ឋកូរ៉េនិងពិភពលោកពីសុខសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាទៀតផង។
ការប្តេជ្ញាចិត្តរបស់ក្រុមចម្រៀង Nchive បែបនេះហើយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនឡាំបាចំពោះក្រុមចម្រៀងដែលមានសមាជិកចំនួន៦រូបនេះដោយប្រកាសពហិការមិនគាំទ្រ។ ទោះយ៉ាងណា អ្នកគាំទ្រកម្ពុជាបានបង្ហាញគោលជំហរយ៉ាងរឹងមាំការពារក្រុម Nchive ពីអ្នកលេងបណ្តាញសង្គមផ្ទះលេខពីរ៕










