ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានបើកការវាយប្រ.ហារទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់ម្តងទៀត ប្រសិនបើអ៊ីរ៉ង់នៅតែបន្តគម្រោងនុយក្លេអ៊ែរ និងសាងសង់ឃ្លាំងអាវុ.ធមីស៊ីលឆ្លងទ្វីប ដោយប្រធានាធិបតីអាមេរិកអំពាវនាវឱ្យអ៊ីរ៉ង់យល់ព្រមចរចាគ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ។

ទូរទស្សន៍ CNBC របស់អាមេរិកបានផ្សព្វផ្សាយពីលោកប្រធានាធិបតី Trump ព្រមានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៩ ខែធ្នូ មុនពេលលោកជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរីសតផ្ទាល់ខ្លួន «Mar-a-Lago» ក្នុងរដ្ឋផ្លរីដា ។ ក្នុងជំនួបនេះ លោក Trump សង្ឃឹមថា ការវាយប្រហារអ៊ីរ៉ង់នឹងមិនកើតឡើងទេ ប៉ុន្តែលោកអនុញ្ញាតឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ។

ចំណែកបណ្តាញព័ត៌មានទូរទស្សន៍ និងវិទ្យុ NBC របស់អាមេរិករាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែលរបស់លោក Netanyahu ព្រួយបារម្ភពីការផលិតមីស៊ីលឆ្លងទ្វីបរបស់អ៊ីរ៉ង់ និងការរៀបចំទីតាំងផលិតសារធាតុអ៊ុយរ៉ាញ៉ូម បន្ទាប់ពីទីតាំងនេះត្រូវបានអាមេរិកវាយប្រហារកាលពីពាក់កណ្តាលឆ្នាំ២០២៥ ។.png)
ការធ្វើដំណើរមកអាមេរិកដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី Trump លើកចុងក្រោយរបស់លោក Netanyahu គឺក្នុងអំឡុងពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយមេដឹកនាំប្រទេសទាំង២រូបបានពិភាក្សាពីការជំរុញបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ លើកទី២ ផងដែរ ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ លើកទី១ បានចូលជាធរមានកាលពីខែតុលា ឆ្នាំ២០២៥ ។
បទឈប់បាញ់លើកទី២ រួមបញ្ចូលទាំងការដកអាវុធរបស់ក្រុមហាម៉ាស់ និងការដកថយកម្លាំងទ័ពអ៊ីស្រាអែលចេញពីតំបន់កាហ្សាដែលប្រឈមនឹងឧបសគ្គជាច្រើន ក្នុងនោះអ៊ីស្រាអែលបានកំណត់លក្ខខណ្ឌក្នុងការអនវុត្តបទឈប់បាញ់លើកទី២ លុះត្រាតែអ៊ីស្រាអែលទទួលបានសាកសពចំណាប់ខ្មាំងចុងក្រោយរបស់ខ្លួនពីក្រុមហាម៉ាស់ជាមុនសិន ។ ទោះយ៉ាងណា លោកប្រធានាធិបតី Trump រំពឹងថា នឹងជំរុញឱ្យមានបទឈប់បាញ់លើកទី២ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់យ៉ាងឆាប់រហ័ស ៕










