ប្រទេសថៃ ៖ បន្ទាប់ពីមានការចែកចាយព័ត៌មានជាច្រើនពាក់ព័ន្ធនឹងក្រសួងការងារថៃមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរ និងបណ្តេញត្រឡប់មកប្រទេសវិញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមហេតុផលសង្គ្រា.មរវាងកម្ពុជា-ថៃ រដ្ឋមន្ត្រីក្រសួងការងារថៃបានបដិសេធព័ត៌មាននេះ ដោយបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃអនុញ្ញាតឱ្យពលករខ្មែរធ្វើការរហូតដល់ឆ្នាំ២០២៧ និងអាចស្នើសុំបន្តសុពលភាពប័ណ្ណការងាររហូតដល់ឆ្នាំ២០២៩ ។

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មានព័ត៌មានពីពលករខ្មែរដែលធ្វើការនៅថៃ ត្រូវធ្វើដំណើរត្រឡប់មកប្រទេសវិញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារក្រសួងការងារថៃមិនបន្តសុពលភាពប័ណ្ណការងារ គឺក្រសួងការងារសូមបញ្ជាក់ថា នេះជាការយល់ខុស គណៈរដ្ឋមន្ត្រីបានសម្រេចកាលពីថ្ងៃទី២ ខែធ្នូ ដោយអនុញ្ញាតឱ្យពលករខ្មែរធ្វើការបន្តនៅថៃរយៈពេល១ឆ្នាំទៀត រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧ ។

គណៈរដ្ឋមន្ត្រីបានសម្រេចកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ គឺអនុញ្ញាតឱ្យពលករខ្មែរដែលធ្វើការខុសច្បាប់នៅថៃ អាចធ្វើការរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។ រីឯពលករខ្មែរដែលបន្តសុពលភាពប័ណ្ណការងាររួច ហើយប័ណ្ណការងារអស់សុពលភាពនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏ត្រូវបានគណៈរដ្ឋមន្ត្រីអនុញ្ញាតឱ្យធ្វើការរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដូចគ្នា ។

សេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺពលករខ្មែរអាចស្នាក់នៅ និងធ្វើការនៅថៃ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧ ហើយអាចសុំបន្តសុពលភាពប័ណ្ការងារ ចំនួន១លើក ។ ហេតុនេះ គ្មានពលករខ្មែរណាម្នាក់ដែលត្រូវបានបណ្តេញចេញពីប្រទេសថៃនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទេ ។

ចំណែកអគ្គនាយកនៃនាយកដ្ឋានការងារ លោក Somchai Morakotsriwan និយាយថា នាយកដ្ឋានការងារកំពុងស្វែងរកវិធានការសមស្របជាមួយស្ថាប័នកងទ័ព ដើម្បីកំណត់គោលការណ៍ច្បាស់លាស់សម្រាប់ពលករខ្មែរធ្វើការនៅថៃ ដើម្បីឱ្យសមស្របតាមស្ថានភាពសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ ។ ហេតុនេះ ថៅកែ និងអាជីវកម្មនានាត្រូវតាមដានព័ត៌មានពីគេហទំព័រនាយកដ្ឋានការងារ ឬសាកសួរព័ត៌មានទៅកាន់ការិយាល័យផ្សព្វផ្សាយការងារនៅទីក្រុងបាងកក និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានសម្រេចបន្តសុពលភាពប័ណ្ណការងារឱ្យពលករចំនួន៣ប្រទេស រួមមាន ៖ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានសិទ្ធិធ្វើការស្របច្បាប់នៅថៃរយៈពេល១ឆ្នាំទៀតដើម្បីបំពេញការខ្វះខាតកម្លាំងពលកម្ម លើកលែងតែពលករខ្មែរ គឺគណៈរដ្ឋមន្ត្រីថៃមិនអនុញ្ញាតឱ្យបន្តសុពលភាពប័ណ្ណការងារទេ ហើយក្រសួងការងារថៃនឹងជ្រើសរើសពលករមកពីប្រទេសផ្សេងធ្វើការជំនួស ។

គណៈរដ្ឋមន្ត្រីថៃបញ្ជាក់នាពេលនោះថា មិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរ ដោយសារស្ថានការណ៍បច្ចុប្បន្ននៅតំបន់ព្រំដែនកម្ពុជា-ថៃមានសភាពផុយស្រួយ ទើបការបន្តសុពលភាពប័ណ្ណការងារសម្រាប់ពលករខ្មែរត្រូវពន្យារពេលសិន ៕