ប្រទេសថៃ ៖ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul និយាយមួលបង្កាច់ថា ថៃមិនបានបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាថ្មីទេ គ្រាន់តែការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋប៉ុណ្ណោះ រីឯការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា គឺថៃទាមទារឱ្យដោះស្រាយត្រឹមទ្វេភាគី ។ ក្រៅពីនេះ លោកនិយាយពីការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវជាវិធានការបណ្តោះអាសន្ន និងស្នើឱ្យឡាវគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈដើម្បីទប់ស្កាត់ការនាំចេញបន្តទៅកម្ពុជា ។
នាព្រឹកថ្ងៃទី២៣ ខែធ្នូ នៅវិមានរដ្ឋាភិបាល លោក Sisavath Inphachanh ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃ បានជួបជជែកជាមួយនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin ក្នុងឱកាសឯកអគ្គរដ្ឋទូតឡាវចូលកាន់តំណែង ហើយលោក Anutin ប្រកាសជំរុញកិច្ចសហការជាមួយឡាវឱ្យបានគ្រប់ផ្នែក និងថា ថៃជាប្រទេសជិតខាងឡាវមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ពីព្រោះប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា ។
លោក Anutin បន្តថា ឡាវ និងថៃ មានទំនាក់ទំនងជិតស្និទ្ធយូរមកហើយ ជាពិសេស ទំនាក់ទំនងរវាងពលរដ្ឋទាំងសងខាង ដែលមានការជួញដូរ និងធ្វើដំណើរទៅមករកគ្នា ។ នៅឆ្នាំ២០២៥ គឺជាគម្រប់ខួបទំនាក់ទំនងការទូតរវាងឡាវ-ថៃ លើកទី៧៥ឆ្នាំ ហើយភាគីទាំងពីររីករាយក្នុងការសម្ពោធស្ពានមិត្តភាពឡាវ-ថៃ ស្ពានទី៥ ដែលនឹងរៀបចំនៅថ្ងៃទី២៥ ខែធ្នូ ដែលចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ស្ពានមិត្តភាពឡាវ-ថៃនឹងភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋទាំងសងខាង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងឈានទៅពង្រីកឱកាសពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការរស់នៅរបស់ពលរដ្ឋ ។ ថៃគាំទ្រគោលនយោបាយ Land-Locked-to-Land-Linked របស់ឡាវ ហើយសង្ឃឹមថា ក្រោយពីដំណើរការស្ពានមិត្តភាពឡាវ-ថៃនជាផ្លូវការ នឹងមានការសាងសង់ស្ពានថ្មីសម្រាប់រថភ្លើងឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ខេត្តណងខាយ និងទីក្រុងវៀងច័ន្ទន៍ ។
ក្រៅពីនេះ លោក Anutin បាននិយាយពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃថា លោកបានចុះទៅព្រំដែនកម្ពុជា-ថៃជាច្រើនលើក ហើយសម្តែងជាជនរងគ្រោះថា ថៃមិនបានបង្កសង្គ្រាមជាមួយកម្ពុជាមុនទេ ប៉ុន្តែថៃចាំបាច់ត្រូវវាយប្រហារកម្ពុជាដែលល្មើសអធិបតេយ្យ ។
ការពិត ទាំងឡាវ និងអន្តរជាតិជ្រាបយ៉ាងច្បាស់ថា ថៃជាប្រទេសធំ និងមានកងទ័ពច្រើនជាង បានបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើនកន្លែង ។ ថៃរៀបចំល្បិចឱ្យកងទ័ពខ្លួនសម្តែងល្ខោនជាន់មីនបំភ័ន្តភ្នែកពលរដ្ឋខ្លួន និងពិភពលោក ដើម្បីឱ្យលោក Anutin ទទួលបានសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៥ ។
លោក Anutin បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃ ថាថៃរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវ គឺជាវិធានការបណ្តោះអាសន្នដើម្បីការពារកុំឱ្យឡាវនាំចេញប្រេងបន្តទៅកម្ពុជា ។ ការរឹតបន្តឹងនេះគ្មានគោលបំណងកំណត់ការនាំចេញប្រេងទៅឡាវទេ ហើយថៃនៅតែទាមទារឱ្យដោះស្រាយជម្លោះរវាងកម្ពុជា-ថៃត្រឹមទ្វេភាគី ។
គួរបញ្ជាក់ថា ទាំងមេដឹកនាំថៃ មន្ត្រីរដ្ឋាភិបាល និងសារព័ត៌មានថៃ បានព្យាយាមចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពរងរបួសនៅព្រំដែន និងលាបពណ៌កម្ពុជាបង្កសង្គ្រាមមុន ។ ប៉ុន្តែគ្មានប្រទេសណាជឿពាក្យសម្តីភូតកុហកនេះទេ ដោយសារថៃបដិសេធការបង្ហាញរូបភាពភស្តុតាងតាមផ្កាយរណបរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីកុំឱ្យពិភពលោកថ្កោលទោសថៃបាញ់មុន និងបង្កសង្គ្រាមមុន ។
ថៃស្រែកប្រទេសខ្លួនរងគ្រោះ និងអំពាវនាវឱ្យពិភពលោកកាន់ជើង ប្រសិនបើថៃពិតជារងគ្រោះមែន ហេតុអ្វីពង្រីកសមរភូមិប្រយុទ្ធហួសពីបន្ទាត់ព្រំដែន និងចូលជ្រៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា? បើថៃរងគ្រោះ ហេតុអ្វីប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិល វត្តអារ៉ាម ស្ពាន សាលារៀន និងលំនៅឋានពលរដ្ឋកម្ពុជា ហើយពិភពលោកអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានដ៏សាហាវនេះ ថៃបែរជាបដិសេធការចរចាសន្តិភាព ។
កម្ពុជាជាប្រទេសតូច មានពលរដ្ឋ និងកងទ័ពតិចជាង កម្ពុជាប្រាថ្នាតែសេចក្តីសុខ ពីព្រោះឆ្លងកាត់សង្គ្រាមច្រើនមកហើយ និងមិនបានបង្កសង្គ្រាមមុនដូចការចោទប្រកាន់របស់ថៃនោះទេ ។ កម្ពុជាតបតវិញដើម្បីការពារអធិបតេយ្យ និងទឹកដីរបស់ខ្លួនពីការទន្ទ្រានវាតទីទឹកដីពីសំណាក់កងទ័ពថៃ ហើយសង្ឃឹមថា មហាអំណាចនានា ក៏ដូចជាសហគមន៍អន្តរជាតិ នឹងមានចំណាត់ការបន្ទាន់ឱ្យថៃបញ្ចប់សង្គ្រាមឆាប់ៗ វឹលមកគោរពកិច្ចព្រមពៀងសន្តិភាពគូឡាឡាំពួរឡើងវិញ ៕










