ប្រទេសថៃ ៖ បន្ទាប់ពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីបណ្តាលឱ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អាជីវកម្ម សណ្ឋាគារ ការលក់ដូរទំនិញ និងសេវាកម្មនៅព្រំដែនបិទទ្វារស្ទើរទាំងស្រុងដោយសារគ្មានភ្ញៀវទេសចរ ខណៈពលរដ្ឋថៃដែលធ្លាប់ទទួលចំណូលខ្ពស់ពីការបើកព្រំដែនបានបាត់បង់ការងារ ជំពាក់បំណុលធនាគារ គ្មានការជួយអន្តរាគមន៍ពីរដ្ឋាភិបាល ។ ស្របពេលសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង ទឹកជំនន់នៅខេត្តភាគខាងត្បូងកាន់តែធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះថែមទៀត ពីព្រោះរដ្ឋាភិបាលត្រូវផ្តល់ប្រាក់សំណងឱ្យពលរដ្ឋបាត់បង់សមាជិកគ្រួសារដោយសារទឹកជំនន់ ផ្តល់ប្រាក់សម្រាប់ជួសជុលផ្ទះ កែលម្អតំបន់រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ច ។

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយពីទឹកជំនន់នៅភាគខាងត្បូងបណ្តាលឱ្យពលរដ្ឋស្លាប់រហូតដល់១៧០នាក់ ខូចខាតទ្រព្យសម្បត្តិ ហើយវានឹងប៉ះពាល់ដល់កំណើនផលិតផលក្នុងស្រុកស្រុក (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២៥ គឺស្មើត្រឹមតែជាង១% ប៉ុណ្ណោះ ខណៈការនាំចេញទំនិញថៃទៅក្រៅប្រទេសកាលពីខែតុលា ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង១ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Better News កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ។
លោក Pichai និយាយថា ទឹកជំនន់ស្រុកហាតយៃ ខេត្តសុងក្លា និងខេត្តផ្សេងៗនៅភាគខាងត្បូង ក្រៅពីធ្វើឱ្យពលរដ្ឋស្លាប់រហូតដល់១៧០នាក់ និងខូចខាតទ្រព្យសម្បត្តិ រួមមាន ៖ ផ្ទះ និងអាជីវកម្មយ៉ាងច្រើន វាក៏ប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងផងដែរ ដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះស្រាប់ហើយ ។ វាថែមទាំងធ្វើឱ្យកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២៥ ធ្លាក់ចុះរហូតដល់ជាង១% ខណៈ GDP ត្រីមាសទី៣ ស្មើត្រឹមតែ១.២% ហើយសេដ្ឋកិច្ចថៃនឹងមានវិបត្តិកាន់តែខ្លាំងដោយសារ GDP ធ្លាក់ចុះរយៈពេល២ត្រីមាសជាប់ៗគ្នា ។
ក្រៅពីនេះ ការនាំចេញទំនិញថៃកាលពីខែតុលា ឆ្នាំ២០២៥ កើនឡើងត្រឹមតែ៥.៧% ប៉ុណ្ណោះ ដែលជាកំណើនទាបបំផុតនៅឆ្នាំ២០២៥ ខណៈរយៈពេល៩ខែដំបូង (ចាប់ពីខែមករា ដល់ខែកញ្ញា) ការនាំចេញទំនិញកើនឡើងដល់១៣.៩% ក្នុងនោះការនាំចេញខែកញ្ញាកើនឡើង១៩% ខ្ពស់បំផុតក្នុងរយៈពេល៤២ខែ ។ ប៉ុន្តែការនាំចេញខែតុលា បែរជាធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៣ខែ ខណៈការនាំចូលកើនឡើងធ្វើឱ្យមានឱនភាពពាណិជ្ជកម្មខ្ពស់ ។
អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចង់ឱ្យរដ្ឋាភិបាលថៃសុំចរចាពន្ធទំនិញជាមួយអាមេរិក បន្ទាប់ពីមន្ត្រីពាណិជ្ជកម្មអាមេរិកជូនដំណឹងមកក្រសួងការបរទេសថៃ ផ្អាកការចរចាពន្ធទំនិញដោយសារថៃល្មើសកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា រហូតដល់ថៃងាកមកគោរពកិច្ចព្រមព្រៀងវិញ ។ ថៃមិនគួរសន្និដ្ឋានខ្លួនឯងថា អាមេរិកព្រមចរចាពន្ធទំនិញទេ ពីព្រោះអាមេរិកមិនបានបញ្ជាក់ជាផ្លូវការ បើអាមេរិកដំឡើងពន្ធទំនិញថៃ នឹងធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែដាំក្បាលចុះខ្លាំង ហើយថៃពិបាកស្វែងរកទីផ្សារថ្មីជំនួសអាមេរិក ឬមិនអាចស្វែងរកទីផ្សារថ្មី ។
បន្ទាប់ពីទឹកជំនន់នៅភាគខាងត្បូងស្រក ក្រសួងពាណិជ្ជកម្មមានតួនាទីតាមដានតម្លៃទំនិញកុំឱ្យឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។ រដ្ឋាភិបាលបានកំណត់គោលនយោបាយ «ហាមខ្វះខាតទំនិញ ហាមដំឡើងថ្លៃទំនិញ» ប៉ុន្តែតម្លៃសំបុត្រយន្តហោះពីក្រុងបាងកក ទៅស្រុកហាតយៃបែរជាឡើងថ្លៃ ព្រមទាំងស្នើឱ្យទប់ស្កាត់ការដំឡើងថ្លៃសេវាសម្អាតផ្ទះ និងហាងទំនិញនៅតំបន់ដីភក់ ។ បើថៃត្រូវអភិវឌ្ឍន៍ប្រទេសបន្តទៀតត្រូវតែបង្កើនការនាំចេញទំនិញ និងទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យច្រើន ជាពិសេស ឧស្សាហកម្មទំនើប ដែលត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេងក្នុងការទាក់ទាញវិនិយោគិនមកប្រទេសថៃដើម្បីប្រមូលចំណូល ៕










