សួនរុក្ខជាតិអង្គរ ឬភាសាអង់គ្លេសហៅថា Angkor Botanical Garden ជាទីតាំងទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅកណ្ដាលក្រុងសៀមរាប។ សួននេះមានទំហំផ្ទៃដីជាង ១៥ ហិចតា ជាមួយបណ្ដុំរុក្ខជាតិរាប់ម៉ឺនដើម រួមទាំងពូជច្រើនជាង ៥០០ ប្រភេទ ដែលកំពុងពេញនិយម សម្រាប់ភ្ញៀវទេសចរណ៍ទៅទស្សនា និងសិក្សាស្វែងយល់។
ចាប់តាំងពីបើកដំណើររ នៅឆ្នាំ ២០២២ មកសួនរុក្ខជាតិអង្គរត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាតំបន់ឬគោលដៅទេសចរណ៍ និងពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអត្តរជាតិ ក្រៅពីទស្សនាប្រាង្គប្រាសាទនានានៅខេត្តសៀមរាប។.jpg)
បើតាមលោក លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា សួនអម្បូរត្នោត សួនលំនៅស្ថានខែ្មរ និងសត្វព្រៃជាដើម។ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ក្នុងការថែទាំ និងរៀបចំ រហូតមានការវិវត្តរីកចម្រើនថ្មីៗ ដូចជា៖ សួនផ្កាកូលាប និងសួនកេសកូល ក៏បានបង្កើតបន្ថែម រហូតមានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាជាហូរហែ។ ចាប់តាំងពីបើកដំណើរការមក ៣ឆ្នាំ ទេសចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ៦០ម៉ឺននាក់ហើយ បានចូលមកទស្សនានៅសួនរុក្ខជាតិនេះ។ 
លោកបន្តថាសួនរុក្ខជាតិអង្គរ គឺជាមជ្ឈមណ្ឌលមួយ ដែលប្រមូលផ្តុំទៅដោយរុក្ខជាតិកម្រៗ ជិតផុតពូជជាច្រើនប្រភេទ ដោយរុក្ខជាតិខ្លះ ភ្ញៀវទេសចរនៅមិនទាន់បានស្គាល់នៅឡើយនោះទេ។ ហេតុដូច្នេះទេសចរ មិនត្រឹមតែអាចទស្សនា ដើម្បីទទួលបានអារម្មណ៍ថ្មីប្លែកជាមួយទេសភាពបៃតង សត្វកម្រៗប៉ុណ្ណោះទេ ប៉ុន្តែសួនរុក្ខជាតិអង្គរ ជាទីតាំងសិក្សាស្រាវជ្រាវបន្ថែម សម្រាប់សិស្សានុសិស្សថែមទៀតផង។
.jpg)
មន្ត្រីគ្រប់គ្រង សួនរុក្ខជាតិអង្គររូបនេះបានបន្ថែមទៀតថា ត្បិតសួនរុក្ខជាតិអង្គរ មានទំហំធំលាតសន្ធឹងរហូតដល់១៥ហិកតា ដូច្នេះការថែទាំសួន ក៏ត្រូវការកម្លាំងពលកម្មច្រើនគួរសម ដោយបែងចែកការថែទាំទៅតាមលក្ខណៈបច្ចេកទេសរៀងៗខ្លួន។ នាថ្ងៃអនាគត អាជ្ញាធរជាតិអប្សរា និងបន្តអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរ ឱ្យក្លាយជាសួនកម្រិតស្តងដារអន្តរជាតិ ដូចសួនដទៃទៀតនៅលើពិភពលោកដែរ។
សូមជម្រាបថា សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅភូមិត្រពាំងសេះ ក្រុងសៀមរាប តាមបណ្ដោយ រុក្ខវិថីព្រះសីហនុ។ សួននេះដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ជាមួយទំហំផ្ទៃដីសរុបជាង ១៥ហិចតា។ ភ្ញៀវទេសចរណ៍អាច ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច និងពីថ្ងៃពុធ រហូតដល់ថ្ងៃច័ន្ទ រួមទាំងថ្ងៃបុណ្យជាតិផ្សេងៗ៕.jpg)










