ប្រទេសថៃ ៖ ពលរដ្ឋភាគខាងត្បូងប្រទេសថៃដែលរងគ្រោះដោយសារទឹកជំនន់វាយប្រ.ហារជាច្រើនថ្ងៃ ត្រូវបានភ្នាក់ងារសង្គ្រោះជម្លៀសចេញពីតំបន់គ្រោះថ្នា.ក់មកកាន់ជម្រកស្នាក់នៅបណ្តោះអាសន្នដែលរៀបចំដោយអាជ្ញាធរ ។ ពលរដ្ឋរងគ្រោះទាំងនេះទទួលបានការថែទាំយ៉ាងដិតដល់ ទាំងការស្នាក់នៅ ផ្តល់ថ្នាំពេទ្យ របស់របរប្រើប្រាស់ និងចំណីអាហារ ។ ប៉ុន្តែមហាជនហួសចិត្តនឹងមនុស្សខ្លះដែលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នមួយកន្លែងនៅខេត្តសាទូន លោ.ភលន់ប្រមូលអាហារជាច្រើនប្រអប់ដែលគេចែកឱ្យ ប៉ុន្តែមិនបរិភោគក៏បោះចោលក្នុងធុងសំរាម ទាំងដែលអាហារនៅក្នុងប្រអប់ពេញៗ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលរដ្ឋភាគខាងត្បូងដែលរងគ្រោះដោយសារទឹកជំនន់ និងត្រូវបានក្រុមសង្គ្រោះជួយជម្លៀសមកស្នាក់នៅជម្រកបណ្តោះអាសន្នមួយកន្លែងនៅខេត្តសាទូន បានយកអាហារដែលខាងជម្រកផ្តល់ឱ្យជាច្រើនប្រអប់ ប៉ុន្តែបែរជាមិនបរិភោគក៏បោះចោលក្នុងធុងសំរាម ។ បើតាមវីដេអូក្នុងបណ្តាញសង្គម គឺពួកគេមិនបានបរិភោគអាហារក្នុងប្រអប់ទេ អាហារនៅពេញៗ ដែលធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងនិយាយថា ប្រមូលអាហារច្រើនប្រអប់លោភលន់តែឯង បើបរិភោគមិនអស់ គួរតែប្រគល់ឱ្យអ្នកចែកវិញ ដើម្បីផ្តល់ឱ្យអ្នកអត់ឃ្លាន ឬគ្មានអាហារបរិភោគ ។

ស្ថានការណ៍ទឹកជំនន់តាមបណ្តាខេត្តភាគខាងត្បូងប្រទេសថៃនៅតែគួរឱ្យបារម្ភ បើទោះជាតំបន់ខ្លះទឹកជំនន់ស្រកចុះក៏ដោយ ប៉ុន្តែតំបន់ជាច្រើននៅតែលិចលង់ ដែលធ្វើឱ្យពលរដ្ឋត្រូវជម្លៀសចេញពីលំនៅឋានមកស្នាក់នៅជម្រកបណ្តោះអាសន្នដែលរៀបចំដោយអាជ្ញាធរ ។ ជាច្រើនថ្ងៃមកនេះ រដ្ឋាភិបាលថៃ ក្រុមហ៊ុនឯកជន និងស្ថាប័នជាច្រើន បានសហការគ្នាជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ភាគខាងត្បូង ដោយបញ្ជូនទឹក អាហារ ថ្នាំពេទ្យ សំឡីអនាម័យ និងរបស់របរប្រើប្រាស់ចាំបាច់ជាច្រើន ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ហ្វេសប៊ុកផេក «Army Military Force» បានបង្ហោះវីដេអូពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងយកអាហារមកបោះចោលជាច្រើនប្រអប់ និងសរសេរថា ៖ «ខេត្តសាទូនមានរឿងអាស្រូវទៀតហើយ! ពលរដ្ឋខេត្តសាទូនដែលរងគ្រោះដោយទឹកជំនន់ និងត្រូវបានបញ្ជូនមកស្នាក់នៅជម្រកបណ្តោះអាសន្ន បានប្រមូលអាហារដែលគេចែកឱ្យជាច្រើនប្រអប់ ប៉ុន្តែបែរជាបោះចោលក្នុងធុងសំរាមទៅវិញ ។ គួរណាស់ផ្តល់អាហារទាំងនេះឱ្យអ្នកចែកវិញដើម្បីផ្តល់ទៅឱ្យអ្នកត្រូវការ ឬអ្នកមិនទាន់បរិភោគ» ។

វីដេអូនេះថតដោយអ្នកស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន និយាយថា ៖ «មើលចុះ បាយក្នុងប្រអប់នៅពេញទាំងអស់ ប៉ុន្តែគេយកមកបោះចោល អ្នកដទៃមិនទាន់បានបរិភោគផង ។ រីឯប្រអប់បាយមិនទាន់បើកទេ វាយ៉ាងម៉េចទៅវិញ តើមិនចូលចិត្តអាហារនេះឬយ៉ាងណា» ។

អ្នកលេងបណ្តាញសង្គមថៃឃើញវីដេអូនេះហើយហួសចិត្តខ្លាំង ដោយសារពលរដ្ឋថៃទូទាំងប្រទេសអាណិតអាសូរពលរដ្ឋភាគខាងត្បូងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ គ្មានអាហារបរិភោគ ដាច់ពោះស្លាប់លើដំបូលផ្ទះ ក៏នាំគ្នាបរិច្ចាគថវិកាដើម្បីទិញអាហារចែកឱ្យអ្នករងគ្រោះ ប៉ុន្តែបែរជាអ្នករងគ្រោះខ្ជះខ្ជាយយកអាហារមកបោះចោលបែបនេះ ។ អ្នកលេងបណ្តាញសង្គមស្នើឱ្យហ្វេសប៊ុកផេក «Army Military Force» បញ្ជាក់ឱ្យច្បាស់លាស់ តើជម្រកបណ្តោះដែលមានអ្នកបោះចោលអាហារនេះស្ថិតនៅទីតាំងណារបស់ខេត្តសាទូន ។

គួរបញ្ជាក់ថា ពេលទឹកជំនន់មិនទាន់ស្រក ពលរដ្ឋភាគខាងត្បូងបានបាញ់កាំភ្លើងជាច្រើនគ្រាប់គំរាមភ្នាក់ងារសង្គ្រោះក្នុងអំឡុងពេលយកអាហារទៅចែកឱ្យ រហូតដល់ភ្នាក់ងារសង្គ្រោះភ័យរត់ត្រឡប់ទៅវិញ ហើយការបាញ់គំរាមនេះ មិនមែនមានតែមួយករណីទេ ។ ពេលទឹកជំនន់ស្រក ក៏កើតស្ថានការណ៍អសន្តិសុខ ដូចជា ៖ មានក្រុមឆ្លៀតឱកាសចូលលួចរបស់របរក្នុងហាងលក់ទំនិញ និងលួចស្រាបៀរក្នុងទូរកុងតឺន័រតាមផ្លូវរថភ្លើងនៅស្រុកហាតយៃ យ៉ាងអាណាធិបតេយ្យដោយគ្មានខ្លាចសមត្ថកិច្ច ៕