ប្រទេសថៃ ៖ សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្នាក់ងារសង្គ្រោះបានព្យាយាមជួយពលរដ្ឋលិចទឹកនៅភាគខាងត្បូងប្រទេសថៃ បែរជារងការបា.ញ់គំរា.មជាច្រើនគ្រាប់ បណ្តាលឱ្យភ្នាក់ងារសង្គ្រោះម្នាក់លោតចុះពីទូក Jet Ski រកកន្លែងលាក់ខ្លួន ។ ភ្នាក់ងារសង្គ្រោះប្រាប់ថា ខំតាំងចិត្តមកជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តសុងក្លា ប៉ុន្តែជួបហេតុការណ៍បែបនេះទៅវិញ ។ ការបា.ញ់គំរា.មភ្នាក់ងារសង្គ្រោះបានកើតឡើងម្តងហើយនាពេលថ្មីៗនេះ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះសម្រេចចិត្តដកថយវិញដើម្បីសុវត្ថិភាព ។.jpg)
ស្ថានការណ៍ទឹកជំនន់ធ្ងន់ធ្ងរទាំង១៦ស្រុកនៅខេត្តសុងក្លា បានធ្វើឱ្យភ្នាក់ងារសង្គ្រោះមកពីតាមបណ្តាខេត្ត និងច្រើនស្ថាប័នធ្វើដំណើរមកជួយសង្គ្រោះ ជាពិសេស នៅស្រុកហាតយៃ ប៉ុន្តែជួបឧបសគ្គដោយសារទឹកហូរខ្លាំង រហូតដល់ភ្នាក់ងារសង្គ្រោះពុំអាចទៅជួយពលរដ្ឋនៅតំបន់គ្រោះថ្នាក់ ។ លើសពីនេះ ពលរដ្ឋខ្លះបានបាញ់កាំភ្លើងគំរាមថែមទៀត ពេលភ្នាក់ងារសង្គ្រោះជិះទូក Jet Ski ទៅជួយ ហើយការបាញ់នេះភាគច្រើនកើតឡើងនៅតំបន់៨ រហូតធ្វើឱ្យភ្នាក់ងារសង្គ្រោះជាច្រើនក្រុមដកថយកម្លាំង និងបញ្ឈប់ការជួយ ។
នៅថ្ងៃទី២៧ ខែវិច្ឆិកា ហ្វេសប៊ុកឈ្មោះ «Ohm Dynamo» គឺជាភ្នាក់ងារសង្គ្រោះជួយពលរដ្ឋលិចទឹកនៅស្រុកហាតយៃ ខេត្តសុងក្លា បានបង្ហោះវីដេអូពេលខ្លួនជិះទូក Jet Ski ទៅជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ប៉ុន្តែបែរជាត្រូវពលរដ្ឋបាញ់គំរាម ។ ក្នុងវីដេអូ គេបានឮសូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ រហូតដល់ភ្នាក់ងារសង្គ្រោះលោតចុះពីទូកដើម្បីគេចពីគ្រាប់កាំភ្លើង ។ ហ្វេសប៊ុកនេះសរសេរថា ៖ «ខ្ញុំតាំងចិត្តមកជួយពួកអ្នក ប៉ុន្តែបែរជាបាញ់កាំភ្លើងទៅវិញ ខ្ញុំដកថយហើយ អាក្រក់ណាស់បែបនេះ» ។
អ្នកលេងបណ្តាញបានបង្ហាញការអាណិតអាសូរភ្នាក់ងារសង្គ្រោះដែលព្យាយាមមកជួយពលរដ្ឋភាគខាងត្បូង បែរជារងការបាញ់គំរាម ដោយពួកគេថា ការបាញ់បែបនេះ នឹងគ្មានភ្នាក់ងារសង្គ្រោះហ៊ានមកចែកអាហារ និងជម្លៀសអ្នកជំងឺ ។ ការបាញ់កាំភ្លើងមិនត្រឹមតែធ្វើឱ្យភ្នាក់ងារសង្គ្រោះភ័យរត់ទេ វាក៏ធ្វើឱ្យពលរដ្ឋផ្សេងទៀតភ័យស្លន់ស្លោផងដែរ។ អ្នកលេងបណ្តាញសង្គមបានផ្តល់កម្លាំងចិត្តឱ្យភ្នាក់ងារសង្គ្រោះដែលមានឧបសគ្គក្នុងការបំពេញភារកិច្ច ខណៈខ្លះថា ការបាញ់អាចសញ្ញាជូនដំណឹងឱ្យភ្នាក់ងារសង្គ្រោះឆាប់ទៅជួយក៏ថាបាន ។
ដោយឡែក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក៏មានហេតុការណ៍បាញ់គំរាមដូចគ្នានេះដែរមកលើភ្នាក់ងារសង្គ្រោះនៅផ្លូវបាងហ្វែប-ឃ្លងវ៉ាត ក្នុងភូមិ៧ និងភូមិ១១ ឃុំថាឆាង ស្រុកបាងក្លាំ ខេត្តសុងក្លា ក្នុងអំឡុងពេលភ្នាក់ងារសង្គ្រោះកំពុងប្រមូលសម្ភារៈត្រឡប់ទៅវិញ ។ គ្រាប់កាំភ្លើងបានផ្ទុះឡើងចំនួន៤គ្រាប់ និងក្រោយមក ជនល្មើសបានសូមទោស ប៉ុន្តែហេតុការណ៍នេះធ្វើឱ្យភ្នាក់ងារសង្គ្រោះសម្រេចចិត្តឈប់បំពេញភារកិច្ចនៅផ្លូវបាងហ្វែប-ឃ្លងវ៉ាត ។
តាមការសាកសួរជនល្មើសឱ្យដឹងថា ការបាញ់គំរាមភ្នាក់ងារសង្គ្រោះនេះ គឺមកពីតានតឹងផ្លូវចិត្តដោយសារទឹកជំនន់ខ្លាំងពេក ពីព្រោះមានទូកភ្នាក់ងារសង្គ្រោះឆ្លងកាត់តំបន់ដែលជនល្មើសស្ថិតនៅ ប៉ុន្តែទូកមិនបានជួយជម្លៀសខ្លួនចេញទេ ។
គួរបញ្ជាក់ថា ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ កម្ពស់ទឹកបានស្រកចុះក្នុងតំបន់មួយចំនួន ប៉ុន្តែតំបន់ជាច្រើនទៀតនៅតែជន់លិច និងរង់ចាំការជួយសង្គ្រោះ ៕










