ប្រទេសអេត្យូពី ៖ ភ្នំភ្លើង Hayli Gubbi នៅប្រទេសអេត្យូពី បានផ្ទុះ ឡើងកាលពីចុងសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងជាការផ្ទុះ ជាថ្មីបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល១ម៉ឺន២ពាន់ឆ្នាំ ដោយបញ្ចេញផ្សែងផេះខ្មៅយ៉ាងក្រាស់គ្របដណ្តប់លើអេត្យូពី និងប្រទេសជាច្រើន រួមមាន ៖ ឥណ្ឌា ប៉ាគីស្ថាន អូម៉ង់ និងយេម៉ែន ។ បន្ទុះភ្នំភ្លើងនេះបានក្លាយជាឧបសគ្គដល់ការហោះហើររបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបង្ខំចិត្តលុបចោលការធ្វើដំណើរភ្លាមៗដោយសារបារម្ភពីគ្រោះថ្នា.ក់ ។
តាមការលើកឡើងរបស់អាជ្ញាធរក្នុងតំបន់ បន្ទុះភ្នំភ្លើង Hayli Gubbi លើកនេះពុំបណ្តាលឱ្យពលរដ្ឋរងរបួស ឬបាត់បង់ជីវិតទេ ប៉ុន្តែវាប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមសត្វ និងវាលស្មៅសម្រាប់សត្វចិញ្ចឹម ។ អ្នកជំនាញភ្នំភ្លើងថា បើទោះជាបន្ទុះភ្នំភ្លើងបានបញ្ចេញផ្សែងផេះគ្របដណ្តប់ពាសពេញអាកាសទាំងអស់ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពុំទាន់មានការបំពុលបរិស្ថាននៅអេត្យូពីដោយសារផ្សែងផេះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់បរិស្ថានខ្លាំងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ។.png)
ផលប៉ះពាល់ដោយសារផ្សែងផេះភ្នំភ្លើង Hayli Gubbi បានធ្វើឱ្យជើងហោះហើរជាច្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុង និងក្រៅប្រទេសលុបចោល ឬពន្យារពេលការធ្វើដំណើរ ខណៈជើងហោះហើរខ្លះទៀតសម្រេចចិត្តផ្លាស់ប្តូរគោលដៅទៅឥណ្ឌា ។ អាជ្ញាធរគ្រប់គ្រងអាកាសចរណ៍អេត្យូពីបានសុំការសហការពីគ្រប់ក្រុមហ៊ុនអាកាសចរណ៍ឱ្យអនុវត្តតាមការណែនាំយ៉ាងម៉ឺងម៉ាត់ ខណៈឥណ្ឌា និងប៉ាគីស្ថានប្រកាសទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នានាឱ្យបង្កើនការប្រុងប្រយ័ត្ន ក្រោយពីផ្សែងផេះភ្នំភ្លើងគ្របដណ្តប់លើអាកាសក្នុងប្រទេសទាំងពីរ ។
ពលរដ្ឋរស់នៅតំបន់អាហ្វារៀបរាប់ថា បន្ទុះភ្នំភ្លើងឮសំឡេងយ៉ាងខ្លាំងស្រដៀងនឹងការគប់គ្រាប់បែក ដែលធ្វើឱ្យមនុស្សជាច្រើនសម្រុកធ្វើដំណើរទៅកាន់វាលខ្សាច់ Danakil ដែលជាតំបន់ទេសចរណ៍ ។ នេះជាការផ្ទុះឡើងជាថ្មីម្តងទៀតរបស់ភ្នំភ្លើងនេះ បន្ទាប់ពីវាស្ងប់ស្ងាត់អស់រយៈពេល១ម៉ឺន២ពាន់ឆ្នាំ ។.png)
យោងតាមរបាយការណ៍របស់ Skymet Weather ដែលជាភ្នាក់ងារអាកាសធាតុឯកជន គឺវាពិបាកណាស់ក្នុងការកម្ចាត់ផ្សែងផេះភ្នំភ្លើងដែលគ្របដណ្តប់ពាសពេញអាកាស ប៉ុន្តែនាយកដ្ឋានឧតុនិយមឥណ្ឌាព្យាករថា ផ្សែងផេះភ្នំភ្លើងនឹងបម្លាស់ទីយ៉ាងឆាប់រហ័សទៅកាន់ភាគខាងកើត រួចហើយវានឹងគ្របដណ្តប់លើប្រទេសចិន ។
គួរបញ្ជាក់ថា ភ្នំភ្លើង Hayli Gubbi នៅឆ្ងាយពីទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី ប្រមាណ៨០០គីឡូម៉ែត្រ និងជាភ្នំភ្លើងស្ថិតនៅភាគខាងត្បូងបំផុតនៃជួរភ្នំអរតា អាឡេ ដែលជាខ្សែក្រវ៉ាត់ភ្នំភ្លើងក្នុងតំបន់អាហ្វារបស់អេត្យូពី ។ ភ្នំភ្លើងនេះមានកម្ពស់៥០០ម៉ែត្រ ស្ថិតនៅតំបន់ភ្នំភ្លើងសកម្ម និងស្ថិតក្នុងចំណុចសំបកផែនដីប៉ះទង្គិចគ្នា ៕










