ប្រទេសថៃ៖ ក្រុមហ៊ុនធំៗរបស់ថៃ ដូចជាខារ៉ាបាវ មីម៉ាម៉ា ក្រុមហ៊ុនទឹកផ្លែឈើ ម៉ាលី រួមទាំងក្រុមហ៊ុននំចំណីមួយចំនួន បាននិងកំពុងផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារក្នុងការលក់ ដោយបន្ថែម«អក្សរខ្មែរ»ដាក់លើសំបកវេចខ្ចប់របស់ខ្លួន ដើម្បីបន្តឈរជើងនៅកម្ពុជាចំពេលមានចលនាពហិការយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យការលក់របស់ពួកគេធ្លាក់ចុះជាគំហុក។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដកស្រង់ទិន្នន័យពីរបាយការណ៍លក់ប្រចាំឆមាសទី៣ របស់ក្រុមហ៊ុនថៃធំៗខាងលើថា បានខាតបង់រាប់ពាន់លានបាត ចាប់តាំងពីមានការបិទព្រំដែនគោករវាងកម្ពុជានិងថៃ និងសកម្មភាពឈ្លានពានរបស់ថៃ បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជានាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ។.jpg)
បើតាមសម្ដីរបស់លោក Sathien Sathienthamនាយកប្រតិបត្តិក្រុមហ៊ុនCarabao Group បានឲ្យដឹងថា ទីផ្សារភេសជ្ជៈប៉ូវកម្លាំង Carabao កម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង បើទោះជាវានៅតែទទួលបានការគាំទ្រខ្ពស់ក្នុងស្រុកក្ដី។ កត្តានេះបាននាំឲ្យក្រុមហ៊ុនខាតបង់ចំណូលអស់ជាច្រើនរយលានបាត។
ដោយឡែកបើតាមការលើកឡើងរបស់ នាយកប្រតិបត្តិក្រុមហ៊ុន Thai President Foods PCL លោក Pan Paniangvait ដែលជាក្រុមហ៊ុនផលិតមី Mamaបានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញដ៏សំខាន់មួយ ដែលមានចំនួន ១៧-១៨ភាគរយ នៃការនាំចេញរបស់ក្រុមហ៊ុន រួមជាមួយនឹងមូលដ្ឋានផលិតកម្មក្នុងស្រុកដែលមានអាយុកាលយូរអង្វែង។
ក្រៅពីនេះ ក្រុមហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុនទឹកផ្លែឈើ Malee Group PCL, ក្រុមហ៊ុនគ្រឿងសម្អាង និងក្រុមហ៊ុនចំណីអាហារមួយចំនួន ដែលធ្លាប់ក្ដោបបានចំណែកធំនូវការនាំចេញផលិតរបស់ខ្លួនមកកាន់កម្ពុជា ក៏បានត្អូញត្អែរពីការថយចុះនៃប្រាក់ចំណូលកាន់តែធំទៅៗផងដែរ។ .jpg)
បើតាមការរាយការណ៍របស់ The Nation ឥឡូវនេះមានក្រុមហ៊ុនធំមួយបានបង្ហើបថា ពួកគេកំពុងត្រៀមផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារសម្រាប់ទំនិញដែលកំពុងរងការគំរាមកំហែងពីចលនាពហិការរបស់ប្រជាជនខ្មែរ តាមរយៈការដាក់អក្សរខ្មែរនៅលើសំបកផលិតផលខ្លួនដើម្បីបំភាន់ភ្នែកអ្នកប្រើប្រាស់កុំឲ្យចាប់អារម្មណ៍។.jpg)
គួរបញ្ជាក់ថា តួលេខនៃការខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុនថៃជាច្រើនបានកើនឡើងកាន់ខ្ពស់ទៅៗ នៅខណៈពេលដែលប្រជាពលរដ្ឋខ្មែរបានធ្វើពហិការឈប់ទិញទំនិញរបស់ពួកគេ។ ចលនាពហិការនេះ កើតឡើងក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានយ៉ាងកម្រោលមកលើកម្ពុជាមុន ក្នុងគោលបំណងចង់លេបត្របាក់ទឹកដី។ 
សកម្មភាពឥតអៀនខ្មាសនេះ បានជំរុញឲ្យពលរដ្ឋកម្ពុជាដែលនិយមផលិតផលថៃស្ទើរពេញមួយជីវិតនិងស្ទើរពេញមួយប្រទេស បាននាំគ្នាធ្វើពហិការទំនិញថៃ ហើយត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ពេលនេះទីផ្សារទំនិញថៃចាប់ផ្ដើមរង្គុះរង្គើ និងត្អូញត្អែពីការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់៕










