ប្រទេសថៃ ៖ ពលរដ្ឋថៃបានចែកចាយរូបភាពក្នុងបណ្តាញសង្គមដែលមើលទៅគួរឱ្យអាណោចអាធមបំផុត គឺរូបភាពនេះបង្ហាញពីពលរដ្ឋនៅស្រុកហាតយៃ ខេត្តសុងក្លា នាំគ្នាដើរតាមខ្សែភ្លើងលើបង្គោលដើម្បីគេចពីទឹកជំនន់កើនឡើងខ្ពស់មិនឈប់ឈរ ពីព្រោះពួកគេគ្មានជម្រើសផ្សេងក្រៅពីនេះទេ ។ ស្រុកហាតយៃបានលិចទឹកយ៉ាងធ្ងន់ធ្ងរជាច្រើនថ្ងៃ កម្ពស់ទឹកនៅតំបន់ខ្លះកើនឡើងដល់អគារជាន់ទី២ និងផុតដំបូលផ្ទះ ដែលធ្វើឱ្យពលរដ្ឋថៃចាប់ផ្តើមគ្មានអាហារ និងទឹក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា នៅថ្ងៃទី២៥ ខែវិច្ឆិកា នៅតែធ្ងន់ធ្ងរ ជាពិសេស នៅផ្លូវផុនពិឆ័យ មុខវត្តពុទ្ធិការ៉ាម ក្នុងឃុំហាតយៃ ស្រុកហាតយៃ ពលរដ្ឋជាច្រើននាក់កំពុងប្រឈមនឹងគ្រោះថ្នាក់ស្រែកសុំជំនួយជាបន្ទាន់ ។ ពួកគេបានព្យាយាមផ្ញើសារតាមទូរស័ព្ទសុំការសង្គ្រោះថា ៖ «ពេលនេះ កម្រិតទឹកជំនន់បានកើនឡើងយ៉ាងខ្ពស់រហូតដល់អគារជាន់ទី២ ធ្វើឱ្យអ្នកជាប់ក្នុងអគារចាប់ផ្តើមគ្មានអាហារ និងទឹក» ។

ហ្វេសប៊ុកមួយឈ្នោះ «Kang Namthip» បានបង្ហោះវីដេអូបុរស៣នាក់ កំពុងដើរតាមខ្សែភ្លើងលើបង្គោលគេចពីទឹកជំនន់ ខណៈនៅខាងក្រោមបង្គោលសុទ្ធតែទឹកជំនន់ ដោយម្ចាស់ហ្វេសប៊ុកសរសេរថា «សូមយល់ពីពួកយើងផង មនុស្សជាច្រើនកំពុងរង់ចាំការជួយសង្គ្រោះចេញពីទីនេះ ទឹកឡើងខ្ពស់ដល់អគារជាន់ទី២ហើយ ។ យើងខ្វះខាតអាហារ និងទឹក ជួយផង ពីព្រោះមិនអាចទាក់ទងទៅភ្នាក់ងារសង្គ្រោះណាមួយបានទេ យើងកំពុងស្ថិតនៅផ្លូវផុនពិឆ័យ មុខវត្តពុទ្ធិការ៉ាម ក្នុងឃុំហាតយៃ ស្រុកហាតយៃ ខេត្តសុងក្លា» ។

ជនរងគ្រោះដោយទឹកជំនន់ក៏បានប្រថុយដើរតាមខ្សែភ្លើងលើបង្គោលដើម្បីជម្លៀសពីកន្លែងគ្រោះថ្នាក់ និងទៅសុំការជួយសង្គ្រោះពីខាងក្រៅ ។ ពួកយើងសង្ឃឹមថា នឹងមានការជួយជម្លៀសចេញ និងមានភ្នាក់ងារស្ម័គ្រចិត្តមកជួយ បើទោះជាពិបាកជួយក៏ដោយព្រោះទឹកហូរខ្លាំង ។ សូមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយប្រញាប់បញ្ជូនភ្នាក់ងារដែលមានឧបករណ៍ និងទូកមកកាន់ទីនេះជាបន្ទាន់ ។

នេះជាការស្រែកសុំជំនួយរបស់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ដែលរហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ពួកគេនៅតែទន្ទឹងរង់ចាំការជួយសង្គ្រោះ ខណៈអាជ្ញាធរ និងភ្នាក់ងារពាក់ព័ន្ធនឹងទឺកជំនន់ធ្វើការងារយឺតយ៉ាវ ។ លើសពីនេះ ពលរដ្ឋស្រុកហាតយៃជាច្រើនទៀតក៏កំពុងរង់ចាំការសង្គ្រោះជាបន្ទាន់ដែរ ក្រោយពីកម្ពស់ទឹកជំនន់កើនឡើងខ្លាំងយ៉ាងឆាប់រហ័ស និងលិចដល់អគារជាន់ទី២ បើជួយមិនទាន់ទេ មុខជាស្លាប់មិនខាន ។

គួរបញ្ជាក់ថា ពេលនេះ បណ្តាខេត្តនៅភាគខាងត្បូងប្រទេសថៃបានលិចទឹកធ្ងន់ធ្ងរជាបន្តបន្ទាប់ ដូចជា ខេត្តសុងក្លា ប៉ាត់តានី សាទូន និងត្រាំង ក្រោយពីភ្លៀងធ្លាក់ជាច្រើនថ្ងៃ និងបន្តធ្លាក់ធ្វើឱ្យទឹកហូរពីព្រៃភ្នំ ។ ក្រៅពីទឹកជំនន់ ក៏មានការបាក់ដី ខ្យល់ព្យុះ ដែលបណ្តាលឱ្យពលរដ្ឋថៃនៅខេត្តទាំងនេះប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ខូចខាតទ្រព្យសម្បត្តិ ផលដំណាំ និងងាប់សត្វចិញ្ចឹម ៕