អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានធ្វើការរឹបអូសរណារយន្តអារឈើសរុបចំនួន ៧០០០គ្រឿង ពីបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ។ នេះបើតាមការបញ្ជាក់របស់ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃប្រចាំនៅកម្ពុជា។

តាមការឲ្យដឹងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ ទីស្នាក់ការស្រែអំបិល ស្ថិតនៅខេត្តកោះកុងរឹបអូសរណារយន្តអារឈើបានដល់ ៧,០០០ គ្រឿងក្នុងបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ។ 
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia ) បានបញ្ជាក់នៅបណ្តាញសង្គមនាថ្ងៃទី២៤ ខែវិច្ឆិកា យ៉ាងដូច្នេះ ៖ « ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ក្នុងឃ្លាំងនេះតែមួយប៉ុណ្ណោះ យើងរឹបអូសបានរណារយន្តចំនួន ៧,០០០ គ្រឿង។ យើងទុកចិត្តនិងពឹងផ្អែកទៅលើមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានក្នុងការការពារព្រៃឈើជួរភ្នំក្រវាញ»។ 
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បញ្ជាក់ថាការការពារព្រៃឈើជួរភ្នំក្រវាញពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចរក្សាប្រពៃណីវប្បធម៌ដែលមានតម្លៃរបស់សហគមន៍ជនជាតិដើមផង និងក៏ដូចជារក្សាប្រភពទឹកសំខាន់ៗនៃទន្លេធំៗចំនួន ២២ ទន្លេ ដែលផ្តល់ទឹកសម្រាប់ប្រើប្រាស់ និងផលិតថាមពលអគ្គិសនី។
កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) ឈរទន្ទឹមគ្នានឹងលោក គង់ ចិត្រា មន្ត្រីនគរបាលយុត្តិធម៌ និងជាប្រធានក្រុមការងារចុះល្បាតស្នាក់ការស្រែអំបិល នៅឃ្លាំងរក្សាទុករណាយន្តនៃទីស្នាក់ការស្រែអំបិល៕










