ក្នុងការតំណាងប្រទេសជាតិឈរនៅលើអន្តរជាតិម្តងៗគឺពិតជាមិនងាយស្រួលនោះទេព្រោះនេះគឺជាបន្ទុកធំមួយសម្រាប់បវរកញ្ញា។ ជាក់ស្តែងមុនចេញទៅប្រកួត ផន ស្រីពី Miss Cosmo Cambodia 2025 បានលាតត្រដាងថារយៈពេលជិត៣ខែមុនចេញទៅប្រកួតនាងចង់បោះបង់។
តាមរយៈវីដេអូមួយបង្ហោះនៅលើគណនីទិកតុក ផន ស្រីពី បាននិយាយថានាងមិនយំបង្ហាញចំណុចខ្សោយនោះទេប៉ុន្តែការតំណាងប្រទេសមួយៗស្ពាយឈ្មោះប្រទេសកម្ពុជាគឺធ្ងន់ខ្លាំង។ ស្រីពី ថានៅសល់តែ៣ខែនាងចង់បោះបង់តំណែងចោលដោយសារតែមានរឿងច្រើនពេកដែលមិននឹកស្មានដល់ ប៉ុន្តែនៅពេលនេះដល់ថ្ងៃដែលចេញទៅប្រកួតហើយដូច្នេះនាងលែងមានសម្ពាធទៀតហើយមានតែពាក្យថាខិតខំធ្វើឱ្យអស់ពីសមត្ថភាពប្រយុទ្ធដើម្បីកម្ពុជា។
Miss Cosmo Cambodia 2025 បាននិយាយទៀតថានាងបានលះបង់អស់ហើយសម្រាប់ប្រទេសកម្ពុជា ទាំងពេលវេលា ទាំងលុយកាក់ ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត គឺនាងបានលះបង់ការប្រកួតមួយនេះអស់ហើយ។ ជាមួយគ្នានេះ ផន ស្រីពី បានស្នើឱ្យសាធារណជនគាំទ្រ Miss Cosmo Cambodia 2025 ព្រោះនាងចេញទៅប្រកួតមិនមែនតែដើម្បីខ្លួននាងប៉ុណ្ណោះទេគឺនាងស្ពាយឈ្មោះកម្ពុជាទៅ។ ស្រីពី នឹងធ្វើដំណើរទៅប្រទេសវៀតណាមនាថ្ងៃទី២៤ ខែវិច្ឆិកា នេះផងដែរ។
មុនការប្រកួតជាអ្នកតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Cosmo នៅឯប្រទេសវៀតណាម ផន ស្រីពី ធ្លាប់បានគ្រងតំណែងជា Miss Intercontinental Cambodia 2024 ចេញទៅប្រកួតនៅលើទឹកដី អេហ្ស៊ីប ដោយទទួលបានចំណាត់ថ្នាក់ TOP22 នៅក្នុងការប្រកួតដែលលទ្ធផលនេះបានបើកទ្វារកម្ពុជាចូលTOPលើកដំបូង។
ជាមួយនឹងការប្រកួតលើឆាក Miss Cosmo ទស្សនិកជនក៏សង្ឃឹមថានាងនឹងអាចយក TOP ជូនប្រទេសកម្ពុជាដូចគ្នា។ កាលពីឆ្នាំ២០២៤ ការប្រកួតសម្រស់នេះ អ៊ិន លក្ខិណា បានឈានដល់TOP10 នៅក្នុងការប្រកួតផងដែរ៕










