«ក្នុងនាមជាបវរកញ្ញាត្រូវតែក្លាហាន និងហ៊ាននិយាយការពិត ការពារប្រទេសរបស់ខ្លួន បើមានជាតិសាសន៍ណាមួយមកឈ្លានពានប្រទេស ទាំងដែលយើងមិនមែនជាអ្នកខុស»។ នេះជាពាក្យសម្តីរបស់ ល្អហួស Miss Teen Cambodia 2025 បង្ហោះនៅលើបណ្តាញសង្គមបន្ទាប់ពីសំឡេងតស៊ូមតិរបស់នាងបានផ្សព្វផ្សាយធ្វើឱ្យថៃក្តៅក្រហាយខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ថានេះគ្រាន់តែឆាកនៅក្នុងស្រុកប៉ុណ្ណោះ នាងនឹងបកស្បែកមុខប្រទេសថៃនៅលើឆាកអន្តរជាតិថែមទៀតដោយមិនខ្វល់ពីចំណាត់ថ្នាក់ដែលទទួលបាននោះទេ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍សំឡេងរបស់ ល្អហួស ដែលលើកយកប្រធានបទថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុន និងទាមទារឱ្យដោះលែងទាហានកម្ពុជាទាំង១៨នាក់ ក្នុងពេលប្រកួត Miss Teen Cambodia មានការចាប់អារម្មណ៍ពីកាសែតអនឡាញអង់គ្លេស The Independent ដែលមានអ្នកតាមដានដល់ទៅ១១លាននាក់ លើបណ្តាញសង្គមហ្វេកប៊ុក។.png)
នៅក្នុងការចុះផ្សាយ កាសែតនេះបានរាយការណ៍ថា ពាក្យសម្តីរបស់ ល្អហួស បានធ្វើឱ្យប្រជាជនថៃផ្ទុះកំហឹងនៅពេលនិយាយថាថៃជាអ្នកផ្តើមសង្គ្រាមមុន។ ល្អហួស បាននិយាយថា «កម្ពុជា និងថៃ តែងតែរស់នៅជាមួយគ្នាដោយសន្តិភាព ប៉ុន្តែពេលនេះសន្តិភាពបានបញ្ចប់ហើយ ដោយសារប្រទេសថៃចាប់ផ្តើមសង្រ្គាម ជាអ្វីមួយដែលយើងមិនចង់បាន មិនចង់ប្រយុទ្ធ យើងចង់បានសន្តិភាព យើងមិនមែនជាសត្រូវទេ យើងជាអ្នកជិតខាងគ្នា គឺជាមនុស្សដែលសមនឹងទទួលបានសុវត្ថិភាព និងអនាគតដែលគ្មានការស្អប់ខ្ពើម និងសង្រ្គាម»។ លើសពីនេះទៀត កាសែត The Independent ក៏បានស្រង់សម្តីរបស់ ល្អហួស ទាមទារឱ្យថៃដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលថៃចាប់យកទៅដោយខុសច្បាប់ផងដែរ។
ក្រោយពីសំឡេងរបស់ខ្លួនសុះសាយបានខ្លាំងនៅរសៀលថ្ងៃទី២២ វិច្ឆិកា ល្អហួស បានបង្ហោះថា «ដរាបណា មានផ្ការំដួលមួយទងនេះ កាន់ទង់ជាតិកម្ពុជា នាងខ្ញុំសន្យាថា មិនឱ្យជាតិសាសន៍ណាមកបំពានអ្នកបានហើយ ។សៀវភៅមួយក្បាលនេះទើបតែចាប់ផ្តើមអានប៉ុណ្ណោះ ប៉ុន្តែនៅមានភាគបន្តទៀតនៅលើឆាកអន្តរជាតិ នៅឆ្នាំ២០២៦ ខាងមុខនេះ»។ នេះមានន័យថា ការប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ ល្អហួស នឹងលេងឈុតធំមិនខាន៕










