លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញលិខិតមួយច្បាប់ដើម្បីធ្វើការបដិសេធទៅលើរាល់ការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលអះអាងថា អាជ្ញាធរខ្លួនបានបង្កកទ្រព្យសម្បត្តិរបស់លោកក្នុងប្រទេសថៃដោយសារជាប់ពាក់ព័ន្ធនឹងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។ លោកបានបញ្ជាក់ថា លោកគ្មានទ្រព្យសម្បត្តិនៅប្រទេសថៃឡើយ។
.jpg)
លោកអ្នកឧកញ៉ា បានបញ្ជាក់បដិសេធដាច់ខាត និងទាំងស្រុងនូវរបាយការណ៍របស់អង្គភាពសារព័ត៌មាន និងបណ្តាញសង្គមមួយ ចំនួនរបស់ថៃ ដែលអះអាងថាអាជ្ញាធរបានបង្កកនូវសាច់ប្រាក់ និងទ្រព្យសម្បត្តិរបស់លោក ចំនួន៣លើក គឺលើកទី១ ចំនួន៧០ លានបាត, លើកទី២ ចំនួន ៣៥០ លានបាត និងលើកទី៣ ចំនួន ៤០០ លានបាត ឬជាង ១២លានដុល្លារអាមេរិក។

យ៉ាងណាមិញ លោកក៏បានទទួលស្គាល់ពីការចុះឆែកឆេរដោយសមត្ថកិច្ចថៃ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទៅលើទីតាំងអចលនទ្រព្យរបស់លោកចំនួន ៣កន្លែងនៅប្រទេសថៃពិតមែន តែបដិសេធថាលោកមិនមានអចនទ្រព្យ ៣៦កន្លែងដូចការចុះផ្សាយនោះឡើយ។ លោកអ្នកឧកញ៉ា បញ្ជាក់ថា លោកមានជួលអគារឱ្យជនជាតិខ្មែរ និងបរទេសសម្រាប់ធ្វើអាជីវកម្មពិតមែន ដែលមានកិច្ចសន្យាជួលត្រឹមត្រូវតាមច្បាប់ដោយពុំអនុញ្ញាតឱ្យធ្វើអាជីវកម្មឬសកម្មភាពណាដែលខុសច្បាប់នៅក្នុង និងបរិវេណអគារនោះទេ។.jpg)
គួររម្លឹកថា មុនមានការចេញមកប្រកាសបដិសេធនេះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការថៃបានចេញដីកាចាប់ខ្លួនអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា និងបុគ្គលជាប់ពាក់ព័ន្ធ ៤នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទលាងលុយកខ្វក់ ដែលបានមកពីទង្វើបោកប្រាស់តាមប្រព័ន្ធអនឡាញ។ .jpg)
ទន្ទឹមនឹងដីកាចាប់ខ្លួន តុលាការថៃថែមទាំងបានប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងបក្ខពួកនៅទីតាំង ៣៦កន្លែង ក្នុងទីក្រុងបាងកក និងខេត្តត្រាត ដែលគិតជាទឹកប្រាក់ប្រមាណ ៤០០លានបាត ឬជាង ១២លានដុល្លារអាមេរិក។ តែសមាជិកព្រឹទ្ធសភាកម្ពុជាលោក លី យ៉ុងផាត់ បានបដិសេធថា លោកមិនបានជាប់ពា័ន្ធនឹងបណ្តាញឧក្រិដ្ឋតាមអនឡាញ ការសម្អាតប្រាក់ និងការរំលោភសិទ្ធិមនុស្សនោះទេ ដោយចាត់ទុកថា នេះជាការចោទប្រកាន់ដោយចង់បំផ្លាញកេរ្តិ៍ឈ្មោះលោកប៉ុណ្ណោះ៕










