ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបខ្លះៗអំពីការស្លាប់យ៉ាងរង្គាលនៅក្នុងប្រទេសស៊ូដង់( Sudan) ដែលមានប្រជាជនស្លូតត្រង់ជាច្រើនពាន់នាក់បានបង់បាត់ជីវិត។ ឃើញហេតុការណ៍របស់ប្រទេសនេះបានធ្វើឱ្យ ផន ស្រីពី Miss Cosmo Cambodia 2025 នឹកឃើញប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជារហូតពោលពាក្យនេះឡើងមក។

នៅថ្ងៃទី៣១ ខែតុលា ផន ស្រីពី បានបង្ហោះខ្លឹមសារអមដោយទុក្ខសោកថា «ខ្ញុំសូមចូលរួមសោកស្ដាយចំពោះប្រទេសស៊ូដង់។ ក្នុងនាមជាជនជាតិកម្ពុជាម្នាក់ មកពីប្រទេសមួយដែលធ្លាប់រងទុក្ខដោយសារការប្រល័យពូជសាសន៍ ខ្ញុំមិនអាចនៅស្ងៀមបានទេនៅពេលដែលខ្ញុំឃើញប្រវត្តិសាស្ត្រកើតឡើងម្ដងទៀត។ ក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ជីវិតមនុស្សស្លូតត្រង់ជាង ២០០០ នាក់ត្រូវបានគេសម្លាប់។ នេះមិនមែនគ្រាន់តែជាជម្លោះទេ តែវាជាសោកនាដកម្មរបស់មនុស្សដែលទាមទារឱ្យមានការអាណិតអាសូរ សំឡេង និងសកម្មភាពរបស់យើងទាំងអស់គ្នា»។

Miss Cosmo Cambodia 2025 បានបន្តទៀតដោយសង្ឃឹមថាប្រទេសស៊ូដង់នឹងមានសន្តិភាព។ «សូមឱ្យយើងបួងសួង សម្រាប់ប្រទេសស៊ូដង់ ដើម្បីសន្តិភាព ដើម្បីយុត្តិធម៌ និងសម្រាប់ព្រលឹងគ្រប់គ្នាដែលស្រែកសុំឲ្យគេឮ។សូមឲ្យសន្តិភាពរកផ្លូវមកដល់ប្រទេសស៊ូដង់ សូមឲ្យសេចក្ដីស្រឡាញ់ងើបឡើងលើសពីការស្អប់ ហើយសូមឲ្យពិភពលោកមិនងាកចេញដោយស្ងៀមស្ងាត់ម្ដងទៀតឡើយ»។ 
គួរបញ្ជាក់ផងដែរថា ប្រទេសស៊ូដង់ បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលផ្តើមចេញពីជម្លោះដណ្តើមអំណាច កាលពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពជាតិជាមួយកងកម្លាំងទាហាន RFS។ យោងតាមក្រុមវេជ្ជសាស្រ្ដ និងអ្នកស្រាវជ្រាវបានឱ្យដឹងថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័ស (RSF) ក្នុងអំឡុងពេលថ្មីៗនេះរបស់ពួកគេក្នុងការចាប់យកទីក្រុង el-Fasher ក្នុងតំបន់ Darfur ភាគខាងលិចនៃប្រទេសស៊ូដង់។ក្រុមដែលតាមដានសង្គ្រាមស៊ីវិលរបស់ប្រទេសនេះបានពណ៌នាស្ថានភាពនេះថាជា«ការប្រល័យពូជសាសន៍ពិត»៕










